ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ៦នាក់ដែលវាយសម្លាប់មនុស្សកាលពីយប់ថ្ងៃទី២៤ មេសា ឆ្នាំ២០១១ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់បញ្ជូនទៅកាន់តុលាការ ។ ជនសង្ស័យទាំង៣នាក់នោះ ១-ឈ្មោះភឹម ម៉ាន់ អាយុ២១ឆ្នាំ ជាជនដៃដល់ ២-ឈ្មោះឈន សាមី អាយុ១៧ឆ្នាំ និង៣-ឈ្មោះនាង សុភ័ក្រ្ត អាយុ២១ឆ្នាំ ទាំង៣នាក់រស់នៅភូមិធ្នសតាចាប ឃុំ ស្នាមព្រះ ស្រុកបាកាន ដែលជាកន្លែងកើតហេតុ។
លោកវរសេនីយ៍ត្រីប៉ែន ទុង អធិការនគរបាលស្រុកបាកានមានប្រសាសន៍ថា កាលពីយប់ថ្ងៃទី២៤ មេសា ២០១១ នៅភូមិធ្នសតាចាបផ្ទះ ប្រជាជនឈ្មោះបឿ មានចាក់ធុងបាស់រាំក្នុងពិធីមង្គលការកូន ។ វេលាម៉ោង១១យប់ កូនប្រុសរបស់គាត់ឈ្មោះអ៊ិន សូឃឿន ហៅតួ អាយុ២៣ឆ្នាំ ត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុមស្ទាក់វាយនឹងដំបងត្រង់ក្បាល និង សៀតផ្កាខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់រហូតសន្លប់ លុះពេលយកទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី
២៥ មេសា ក៏ស្លាប់ទៅ ។ លោកអធិការបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ភ្លាមសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនិងដំបងឈើកកោះមួយប្រវែងប្រហែល៨តឹក ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះភឹម ម៉ាន់ សារភាពថា គេពិតជាបានវាយសម្លាប់ឈ្មោះអ៊ិន សុឃឿន ពិតប្រាកដមែនដែលយប់នោះ គេមានគ្នា៦នាក់ ប៉ុន្តែ៣នាក់ទៀតឈ្មោះយឹម ប្រុស អាយុ១៩ឆ្នាំ ឈ្មោះហែម ពិសាល ហៅអៀន អាយុ១៨ឆ្នាំ និងឈ្មោះចយ អាយុ១៨ឆ្នាំ រត់គេចខ្លួន ។ លោកប៉ែន ទុង សន្និដ្ឋានថា ករណីនេះជារឿងគំនុំ ហើយឈ្មោះភឹម ម៉ាន់ និងគូកនពិតជាបានពួនស្ទាក់វាយទៅលើឈ្មោះអ៊ិន សុឃឿន ហៅតួ បណ្តាលឱ្យរងរបួសធ្ងន់រហូតស្លាប់នៅមន្ទីរពេទ្យ ។ ជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅសាលាដំបូងនារសៀលថ្ងៃទី២៨ មេសា ឆ្នាំ២០១១ ដើម្បីឃុំខ្លួន ឯបក្សពួក៣នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕
ចែករំលែកព័តមាននេះ