រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា អតីតមេដឹកនាំខ្មែរក្រហមនួន ជា, ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធ និងកាំង ហ្គេចអ៊ាវ ហៅឌុច ត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីសូត្រមន្តនៅក្នុងមន្ទីរឃុំឃាំង ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី មុនពេលដែលពួកគេត្រូវឡើងសវនាការសំណុំរឿង០០២ អំឡុងពេល២ ឬ៣ខែខាងមុខនេះ ។ ក៏ប៉ុន្តែដោយឡែកមានតែ «ឌុច» ម្នាក់ប៉ុណ្ណោះ មិនបានចូលរួមពិធីនេះទេ ពីព្រោះតែគាត់ជាគ្រិស្តបរិស័ទ ។
មន្ត្រីសាលាក្តីបន្ត ថា ពិធីសូត្រមន្តឆ្នាំថ្មីតាមគន្លងព្រះពុទ្ធសាសនាត្រូវបាន គេប្រារព្ធធ្វើឡើងនៅក្នុងមន្ទីរឃុំឃាំងនៃសាលាក្តីខ្មែរ ក្រហមតាំងពីប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំមកដល់ម៉្លេះ ។ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៤រូបគឺ នួន ជា, ខៀវ សំផន, អៀង សារី និងអៀង ធីរិទ្ធ បានចូលរួមទទួលអំណរឆ្នាំថ្មី និងទទួលពរជ័យពីព្រះសង្ឃគ្រប់ៗគ្នា ។ លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា ពិធីបុណ្យតាមប្រពៃណីសាសនាត្រូវបានសាលាក្តីខ្មែរក្រហមរៀបចំ ធ្វើសម្រាប់អតីតមេដឹកនាំខ្មែរក្រហមទាំងនោះជារៀងរាល់ឆ្នាំ ទៅតាមជំនឿរបស់ពួកគេ ។
ពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើង ស្របពេលដែលក្រសួងមហាផ្ទៃអនុញ្ញាតឱ្យរៀបចំធ្វើតាមមន្ទីរ ឃុំឃាំងនានានៅទូទាំងប្រទេសផងដែរ ។ ដោយឡែកឌុច អតីតប្រធានមន្ទីរសន្តិសុខ ស.២១ មិនបានចូលរួមក្នុងពិធីនោះទេ ពីព្រោះតែគាត់ជាគ្រិស្តបរិស័ទ ៕
ចែករំលែកព័តមាននេះ