ខេត្តកណ្តាល ៖ គ្រាន់តែឆ្លងចូលឆ្នាំសកល ២០១៦ បាន២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣កន្លែងផ្សេងគ្នា បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់-ស្រាលនៅក្នុងស្រុកកៀនស្វាយ ។
ករណីទី១ កើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ បង្កឡើងដោយរថយន្តម៉ាកតួរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-5547 បើកបរដោយឈ្មោះ ឡុង ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើកបរក្នុងទិសដៅពីអ្នកលឿង-ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ារថយន្ត១គ្រឿងទៀតមិនស្គាល់ម៉ាកក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E-2355 ដែលកំពុងបើកបរទិសដៅបញ្ច្រាសទិសគ្នាខាងស្តាំដៃពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ឈន ក្រួច ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីទី២ កើតឡើងកាលពីវេលាម៉ោង៦ និង១២នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦-៤៧ ស្ថិតក្នុងភូមិសំរោងក្អែក២ ឃុំសំរោងធំ រវាងម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម បើកបរដោយឈ្មោះ ថោង នឿន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតខេត្តស្វាយរៀង ក្នុងទិសដៅភ្នំពេញ-អ្នកលឿង បុកជាមួយម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1A-8132 ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ វ៉ា កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បណ្តាលឱ្យនារីវ័យក្មេងស្រស់ស្អាតរូបនោះស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង រីឯភាគីម៉ូតូសង់កូរ៉េរងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីទី៣ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ បង្កឡើងដោយរថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ប៉ៃលិន 2A-1161 បើកបរដោយឈ្មោះ ញ៉ែម លីសត្យា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ បានបើកបរក្នុងទិសដៅភ្នំពេញទៅស្អាង ពេលមកដល់ចំណុចខាងលើអ្នកបើកបរងងុយដេកមួយភាំងក៏រេចង្កូតចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតផ្ទះ២ខ្នង និងទ្រព្យសម្បត្តិមួយចំនួនធំ ។ ម្ចាស់ផ្ទះទី១ ឈ្មោះ រិន បូរ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី បើកហាងអ៊ុតសក់ ឯម្ចាស់ផ្ទះទី២ ឈ្មោះ អេង ផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ចាប់ហួយ ផ្ទះទ្វារដែកជញ្ជាំងថ្ម ។ ទោះបីយ៉ាងណាករណីរថយន្តបើកចូលផ្ទះប្រជាពលរដ្ឋនេះមិនបណ្តាលឱ្យពលរដ្ឋណាម្នាក់គ្រោះថ្នាក់ទេ គ្រាន់តែរងរបួសអ្នកបើកបរឡានបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៣កន្លែងផ្សេងគ្នានេះ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងប្រមូលយកមធ្យោបាយ រួមនិងអ្នកបើកបរទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ