រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូគេចម៉ូតូមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវក៏ជ្រុលទៅបុកខឿនកណ្តាលទ្រូងផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបង្កភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ មករា ២០១៥ នៅចំណុចផ្លូវវ៉េងស្រេងកែងផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សពយុវជនឈ្មោះ ឃុន វុទ្ធី អាយុ២៤ឆ្នាំ ជាបុគ្គលិកសណ្ឋាគារមួយ ស្នាក់នៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិខ្លុយកើត ឃុំស្រយ៉ូវស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញយុវជនខាងលើបើកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខភ្នំពេញ1P-9447 ម្នាក់ឯងក្នុងល្បឿនលឿន ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានគេចម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកដែលបើកឆ្លងផ្លូវក៏ជ្រុលទៅបុកចំខឿនថ្មកណ្តាលទ្រូងផ្លូវដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិមកទទួលពេលក្រោយ ៕
ចែករំលែកព័តមាននេះ