ខេត្តកំពង់ធំ ៖ សមត្ថកិច្ចខេត្តកំពង់ធំសហការជាមួយសមត្ថកិច្ចនគរបាល និងអាវុធហត្ថស្រុកបារាយណ៍ កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ធ្នូ ២០១៥ បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាប្លន់នៅខេត្តបាត់ដំបងហើយរត់មកលាក់ខ្លួននៅស្រុកបារាយណ៍ ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ គុច រ៉ា ជាមុខសញ្ញាប្លន់នៅក្រុងបាត់ដំបង ។ ខណៈពេលចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាប្លន់នៅក្រុងបាត់ដំបងនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ គុច វីរៈ ពីបទលាក់បំពួនជនល្មើស ។
លោកវរសេនីយ៍ឯក កែ ខាន់ណារ៉ា បានឲ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចមកពីរាជធានីភ្នំពេញទាំងយប់ ដើម្បីយកទៅធ្វើការសាកសួរបន្ថែម និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ