ខេត្តបាត់ដំបង ៖ ព្រះសង្ឃចំនួន២២អង្គដែលគង់នៅក្នុងវត្តកូនខ្លុង ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បានក្អូតចង្អោរពេញវត្ត កាលពីល្ងាចថ្ងៃទី២១ ធ្នូ ២០១៥ ដែលគេសង្ស័យថាអាចពុលផ្លែឪឡឹកដែលពុទ្ធបរិស័ទប្រគេនពេលឆាន់ចង្ហាន់ថ្ងៃត្រង់ ។
ប្រភពមន្ត្រីសមត្ថកិច្ចមូលដ្ធានបានឲ្យដឹងថា ព្រះសង្ឃទាំង២២អង្គមានអាការៈក្អួតចង្អោរគ្រប់អង្គ ហើយអង្គខ្លះត្រូវបានញាតិញ៉ោមដឹកយកទៅព្យាបាលនៅផ្ទះ រីឯអង្គខ្លះព្យាបាលនៅក្នុងវត្ត ។ ប្រភពបន្តថា ក្នុងចំណោមព្រះសង្ឃទាំង២២អង្គ គឺមាន៦អង្គហាក់មានសភាពធ្ងន់ធ្ងរជាងគេ រីឯ១៦អង្គទៀតគ្រាន់តែក្អួតចង្អោរ ហើយបន្តិចក្រោយមកក៏បានធូរស្រាលវិញ ដែលការក្អួតចង្អោរនេះគេសង្ស័យថាពុលផ្លែឪឡឹក ដែលពុទ្ធបរិស័ទរៀបចំចង្ហាន់ប្រគេនពេលឆាន់ចង្ហាន់ថ្ងៃត្រង់ ។
បើតាមការបញ្ជាក់ពីលោកតាអាចារ្យ និងដូនជីនៅក្នុងវត្តកូនខ្លុង បានរៀបរាប់ថា ការរៀបចំចង្ហាន់ថ្ងៃត្រង់នោះគឺមានម្ហូបអាហារធម្មតា ហើយក៏មានផ្លែឪឡឹកប្រគេនព្រះសង្ឃឆាន់ដែរ ។ ក្រោយពេលឆាន់រួចមិនមានព្រះសង្ឃអង្គណាពោលថា ឈឺពោះ ឬមានអាការៈមិនស្រូលនោះទេ លុះដល់ម៉ោងប្រហែល៥ល្ងាចថ្ងៃដដែលស្រាប់តែព្រះសង្ឃគ្រប់អង្គពោលថា ឈឺពោះ ហើយចាប់ផ្ដើមក្អួតចង្អោរពេញវត្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធនៅក្បែរវត្តនោះតែម្ដង ។
ជុំវិញបញ្ហានេះ មិនទាន់មានមន្ត្រីជំនាញណាអះអាងអំពីមូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្តែទាំងព្រះសង្ឃផ្ទាល់ ទាំងអ្នកភូមិ និងសមត្ថកិច្ចផង គ្រាន់តែដាក់ការសង្ស័យដូចៗគ្នាថា ព្រះសង្ឃទាំង២២អង្គនោះទំនងអាចពុលផ្លែឪឡឹក ព្រោះមិនមានចំណីអាហារផ្សេងពីនេះដែលគួរឲ្យសង្ស័យនោះទេ ។
បើតាមប្រភពព័ត៏មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ធ្នូនេះ ព្រះសង្ឃមួយចំនួនបានធួស្រាលវិញហើយ ៕
ចែករំលែកព័តមាននេះ