រាជធានីភ្នំពេញ ៖ ប៉ូលីសស្រីស័ក្តិ៤ម្នាក់បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូនពេញដល់ក្នុងបន្ទប់របស់លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីប៉ូលិសស័ក្តិ៤លើស្មារូបនោះបានទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ១គ្រឿងដែលត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញចាប់កាលពីប៉ុន្មានថ្ងៃមុន នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញតាមទូរស័ព្ទមុននេះបន្តិច ។
ស្ត្រីប៉ូលិសពាក់ស័ក្តិ៤រូបនោះមានឈ្មោះ ពុធ វុទ្ឋី អត្តលេខ១៨៩៤៨ ជាមន្ត្រីប៉ូលិសនៅពន្ឋនាគារព្រៃស ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កម្លាំកងរាជអាវុធហត្ថខណ្ឌដូចពេញបានធ្វើការចាប់ម៉ូតូអត់ស្លាកលេខ១គ្រឿងនៅចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតមកដល់ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៥នេះ បានលេចស្ត្រីម្នាក់ជាប៉ូលិសស័ក្តិ៤នៅពន្ធធនាគារព្រៃសចេញមុខមកសុំអន្តរាគមន៍ឲ្យលោកអភិបាលខណ្ឌជួយសម្រួលយកម៉ូតូចេញ តែលោកអភិបាលខណ្ឌដូនពេញមិនឯកភាព ព្រោះម៉ូតូនេះលោកសង្ស័យថា ជាម៉ូតូមុខសញ្ញាឆក់កាបូប និងទូរស័ព្ទយ៉ាងសកម្មក្នុងខណ្ឌដូនពេញ ទើបលោកសុំទុក៣ខែដើម្បីធ្វើការស្រាវជ្រាវសិន ជាហេតុធ្វើឲ្យស្ត្រីម្នាក់នោះខឹងលោកអភិបាលខណ្ឌយ៉ាងខ្លាំង ហើយពេលនោះស្រីរូបនោះបានស្រែកឡូឡាពេញក្នុងបន្ទប់លោក គួច ចំរើន អភិបាលខណ្ឌ ក៏ត្រូវមន្ត្រីក្នុងសាលាខណ្ឌដូនពេញដេញឲ្យចេញក្រៅ ស្រាប់តែស្ត្រីប៉ូលីសរូបនោះបានរកទាញកាបូបពីបុរសម្នាក់ និងបានស្រែកគំរាមបាញ់សម្លាប់ ទាំងមន្ត្រីសាលាខណ្ឌ និងលោកអភិបាលខណ្ឌផ្ទាល់តែម្តង ហើយក៏បានដើរចេញបាត់ទៅ ។
ជុំវិញហេតុការណ៍នេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ក៏មិនបានប្រកាន់ទោសពៃរ៍ស្ត្រីប៉ូលិសស័ក្តិ៤ខាងលើនេះដែលបានធ្វើសកម្មភាពដាក់គាត់ និងមន្ត្រីសាលាខណ្ឌរបស់គាត់ដែរ តែលោកសូមទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យទៅចុះ ៕
ចែករំលែកព័តមាននេះ