រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុមបានបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងហុងកុងកាលពីវេលាម៉ោងប្រមាណជា៧ និង៣៥នាទីយប់ ថ្ងៃទី៩ វិច្ឆិកា ២០១៥ នៅចំណុចក្នុងហាងផឹកស៊ីយីហោ BRANDY ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១៩២ កែងផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមក្មេងស្ទាវប្រមាណជា២០នាក់ ជិះម៉ូតូស៊េរីទំនើបៗចូលទៅវាយទាត់ធាក់ក្មេងស្ទាវមួយក្រុមទៀតមានគ្នាប្រមាណ២០-៣០នាក់ដែលកំពុងផឹកស៊ីនៅក្នុងហាងយីហោ BRANDY ហើយក្រុមក្មេងស្ទាវដែលកំពុងតែផឹកស៊ីនៅក្នុងហាងនោះក៏បានវាយតបតវិញ ធ្វើឲ្យឆាកប្រយុទ្ធបានកើតឡើងដូចរឿងហុងកុងអ៊ីចឹង ។
ប្រភពបន្តទៀតថា ក្នុងហេតុការណ៍វាយតប់គ្នានេះក៏មានមនុស្សរងរបួសរហូតខ្ទាតឈាមមកប្រឡាក់ម៉ូតូទៀតផង ។ បន្ទាប់ពីវ៉ៃគ្នាមួយសន្ទុះ ស្រាប់តែក្រុមស្ទាវដែលជិះម៉ូតូមកវ៉ៃគេនោះក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ ចំណែកក្រុមក្មេងស្ទាវដែលនៅក្នុងហាងក៏បន្តផឹកស៊ីធម្មតា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹងដែរ ។ ប្រភពបញ្ជាក់ថា ក្មេងស្ទាវទាំង២ក្រុមនេះមិនដឹងជាមានរឿងអីជាមួយគ្នាទេបានជាលើកគ្នាមកវ៉ៃគ្នាបែបនេះ ។
ក្រោយពេលកើតភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅធ្វើការសាកសួរដែរ តែត្រូវម្ចាស់ហាងមិនអើពើ និងមិនសហការជាមួយសមត្ថកិច្ចឡើយ ធ្វើឲ្យសមត្ថកិច្ចបានត្រឹមតែអើតឡឺមៗមុខហាងតែប៉ុណ្ណោះ ដោយមិនអាចសួរនាំដឹងពីមូលហេតុដែលបណ្ដាលឲ្យមានការវ៉ៃតប់គ្នាផ្អើលអស់ប្រជាពលរដ្ឋនេះឡើយ ។
សូមបញ្ជាក់ផងដែរថា ហាងផឹកស៊ី យីហោ Brandy នេះតែងតែយកចំណីផ្លូវធ្វើចំណតសម្រាប់ចតម៉ូតូ-ឡានភ្ញៀវរាល់យប់-ថ្ងៃ បង្កឲ្យមានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ល្ងាច និងយប់ផងដែរ ៕
ចែករំលែកព័តមាននេះ