ខេត្តស្វាយរៀង ៖ នៅថ្ងៃទី៥ វិច្ឆិកា ២០១៥ វេលាម៉ោង៥ល្ងាច លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើការចោទប្រកាន់លោក ដួង សានេត គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាហ៊ុន សែន វត្តថ្មី ហើយគឺចោទពីបទផ្តើមគំនិតក្នុងអំពើអាស់ប្រឆាំងនឹងអនីតិជនក្រោម១៥ឆ្នាំ ។
ទាក់ទិនករណីនេះដែរ លោក ផាន់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងថា លោកបានចោទប្រកាន់ជនសង្ស័យឈ្មោះ ដួង សានេត ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទផ្តើមគំនិតក្នុងអំពើអាស់ប្រឆាំងនឹងអនីតិជនក្រោម១៥ឆ្នាំ និងបានដាក់សំណើទៅលោកចៅក្រមស៊ើបសួរ សុំឲ្យលោកចៅក្រមឃុំខ្លូនបណ្តោះអាសន្នចំពោះជនត្រូវចោទរួចហើយ ក៏ប៉ុន្តែជនត្រូវចោទនៅក្រៅឃុំបណ្តោះអាសន្នសិន ដោយសារសំណុំរឿងស៊ើបអង្កេតដាក់សំណើទៅលោកប្រធានតុលាការ ហើយលោកប្រធានតុលាការពុំទាន់ចាត់របៀបឲ្យលោកចៅក្រមរូបណាកាន់សំណុំរឿងនេះទេ ហើយឃុំខ្លួន ឬមិនឃុំ សូមរង់ចាំសប្តាហ៍ក្រោយ នៅពេលលោកចៅក្រមស៊ើបសួរដំណើរការនិតិវិធី ។
សូមរំលឹកផងដែរថា កាលពីថ្ងទី១៨ ឧសភា ២០១៥ មាតាបិតាសិស្សបានចោទប្រកាន់លោក ដួង សានេត គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី ស្ថិតក្នុងឃុំសង្កែ ស្រុករំដួល ថា បានដាក់ទណ្ឌកម្មសិស្សស្រីអាយុ១១ឆ្នាំ គ្រាន់តែមិនចេះអានអក្សរ ត្រូវដាក់ទណ្ឌកម្មដោយឲ្យសិស្សប្រុសសម្រាតសំពត់សិស្សស្រីរបូតដល់កែងជើងនៅមុខមិត្តរួមថ្នាក់ ធ្វើឲ្យមាតាបិតាសិស្សខឹងសម្បារ ហើយសុំឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្តដក ឬបញ្ឈប់លោកគ្រូ ដួង សានេត ចេញពីសាលាបឋមសិក្សាហ៊ុន សែន វត្តថ្មី ។
រហូតដល់ថ្ងៃទី៥ វិច្ឆិកានេះ លោកព្រះរាជអាជ្ញាបានចោទប្រកាន់រួចរាល់ហើយ ដូច្នេះលោក ដួង សានេត មិនអាចរួចផុតពីសំណាញ់ច្បាប់ឡើយ ៕
ចែករំលែកព័តមាននេះ