ខេត្តមណ្ឌលគិរី ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីជនសង្ស័យលួចកាច់សោ.កម៉ូតូយ៉ាងសកម្មនៅមណ្ឌលគិរីស្រីម្នាក់ ក្នុងចំណោមបក្សពួក៣នាក់
ដកហូតបានម៉ូតូ២គ្រឿង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ វិច្ឆិកា ២០១៥ ស្ថិតនៅក្នុងភូមិពូទ្រូ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។
លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា លោកបានបញ្ជាកម្លាំងបើកប្រតិបត្តិការចុះស្រាវជ្រាវបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ចាស់ម៉ូតូ២គ្រឿង ដែលត្រូវក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពកាច់សោ.ក និងកាត់ច្រវាក់ កាលពីយប់ថ្ងៃទី៣០ តុលា ២០១៥ កន្លងទៅនេះ ដែលបានប្រព្រឹត្តនៅភូមិចំការតែ និងភូមិមានលាភ ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងប៉ូលិសចរាចរខេត្ត ចុះត្រួតពិនិត្យនៅតាមគោលដៅសំខាន់ៗក្នុងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងម៉ូតូ២គ្រឿង ចំណែកជនសង្ស័យ២នាក់ទៀត បានរត់ចូលព្រៃគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ ឈ្មោះ យៀង សេងថៃ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំណែកជនសង្ស័យ២នាក់ទៀត ម្នាក់ឈ្មោះ នី ភេទប្រុស អាយុ២០ឆ្នាំ នៅខេត្តព្រៃវែង ។
គួររំឭកដែរថា កាលយប់ថ្ងៃទី៣០ តុលា ២០១៥ ក្នុងក្រុងសែនមនោរម្យ កើតមានចោរកាច់សោ.កម៉ូតូ ចំនួន២ករណី ដែលកើតនៅទីតាំងផ្សេងគ្នា ដែលករណីទី១-កើតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ត្រូវបានក្រុមចោរធ្វើសកម្មភាពកាត់ច្រវាក់យកម៉ូតូម៉ាកហុងដាឌ្រឹម ស៊េរីឆ្នាំ២០១៥ ដែលម្ចាស់ឈ្មោះ ឌឹម ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ និងករណីទី២ កើតនៅភូមិមានលាភ សង្កាត់សុខដុម ដែលជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ សឿ គីមសាន ភេទស្រី អាយុ៣៩ឆ្នាំ ។
ម៉ូតូ២គ្រឿង ត្រូវបានកងរាជអាវុធហត្ថខេត្ត យកមករក្សាទុកដើម្បីប្រគល់ឱ្យម្ចាស់ម៉ូតូវិញ ៕
ចែករំលែកព័តមាននេះ