រាជធានីភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់បានបោកប្រាស់កូនស្រីចុងអាយុ១៥ឆ្នាំយកទៅរំលោភនៅក្នុងផ្ទះសំណាក់រហូតបានសម្រេច ហើយគំរាមសម្លាប់ម្ដាយក្មេងស្រីរងគ្រោះបើហ៊ាននិយាយប្រាប់គេ ហើយត្រូវបងប្អូនសាច់ញាតិក្មេងស្រីរងគ្រោះតាមចាប់បានភ្លាម និងវាយទាត់ធាក់ឡើងទ្រមខ្លួន ទើបយកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូង១ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ តុលា ២០១៥ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូង១បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងមានឈ្មោះ ជា សុខចំរើន អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ប្រភពពីម្ដាយមីងក្មេងស្រីរងគ្រោះបានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ តុលា ២០១៥ ឪពុកចុងបានទូរស័ព្ទប្រាប់ក្មេងស្រីរងគ្រោះឲ្យមកយកម៉ូតូដែលបានខ្ចីជិះវិញនៅមុខវត្តច្បារអំពៅ ខណៈក្មេងស្រីរងគ្រោះមកជួប ឪពុកចុងដែលមានគម្រោងរួចជាស្រេចបានប្រាប់ថាម្តាយរបស់នាងចង់ជួប ហើយក៏ឌុបនាងមកជួបម្តាយ ពេលជិះមកតាមផ្លូវជនសង្ស័យក៏បានដឹកនាងចូលផ្ទះសំណាក់ដែលមានយីហោ«ផ្កាលាប» ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ប្រភពបានបន្តទៀតថា ខណៈពេលចូលក្នុងផ្ទះសំណាក់ ជនសង្ស័យប្រាប់ថា ម្តាយរបស់នាងនៅខាងលើឡើងមក ពេលឡើងបានពាក់កណ្ដាលកាំជណ្ដើរជនសង្ស័យក៏បានខ្ទប់មាត់នាងហើយចាប់អូសចូលបន្ទប់តែម្តង ពេលនោះនារីរងគ្រោះបានសំពះអង្វរសុំកុំឲ្យធ្វើបាបនាង តែជនសង្ស័យនៅតែព្យាយាមលួងលោម និងកាន់កាំបិតគំរាមនាងរំលោភរហូតបានសម្រេច ។ ក្រោយពេលរំលោភបានសម្រេចហើយ នារីរងគ្រោះក៏បានអង្វរសុំត្រឡប់មកផ្ទះវិញ ក្រោមការគំរាមកំហែងថា បើនាងហ៊ាននិយាយប្រាប់គេ នឹងសម្លាប់ម្តាយនាងចោលមិនខាន ។
ម្តាយមីងក្មេងស្រីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះសំណាក់បានបន្តិច ក្មេងស្រីរងគ្រោះក៏បានលោតចុះពីម៉ូតូរត់ ហើយស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យភ័យក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។ ចំណែកក្មេងស្រីរងគ្រោះក៏បានពឹងប្រជាពលរដ្ឋនៅម្តុំនោះឲ្យជូននាងមកផ្ទះវិញ ហើយបានរៀបរាប់ហេតុការណ៍ឪពុកចុងចាប់រំលោភប្រាប់ទាំងអស់ ។
បន្ទាប់ពីស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះហើយ បងប្អូនសាច់ញាតិខឹងយ៉ាងខ្លាំងបានប្រមូលបងប្អូនមានប្រុស មានស្រីជាច្រើននាក់តាមរកជនសង្ស័យទាំងយប់ ព្រមទាំងទូរស័ព្ទសួរគេសួរឯងរហូតដឹងថា ជនសង្ស័យកំពុងលេងហ្គេមបាញ់ត្រីនៅម្តុំបឹងត្របែកផ្លាហ្សា ក៏នាំគ្នាទៅឃើញ ហើយដេញចាប់បានភ្លាមៗ ហើយដោយសារខឹងខ្លាំងពេក ក៏នាំគ្នាវាយទាត់ធាក់ជនសង្ស័យរហូតបែកក្បាលហូរឈាមកក្លាក់ រួចក៏ចាប់បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ដើម្បីប្រគល់ជូនសមត្ថកិច្ចកាត់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ