ខេត្តត្បូងឃ្មុំ ៖ ផ្ទះលក់គ្រឿងទេសមួយកន្លែង ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយអាវុធវែង២ដើម និងខ្លី១ដើម ធ្វើសកម្មភាពប្លន់ម្ចាស់ផ្ទះ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ម្ចាស់ផ្ទះជាប្តីឈ្មោះ ឡន ហុងសេង អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ សាន ដា អាយុ៣៦ឆ្នាំ ក្រោយពីបានលក់ដូររួចរាល់ហើយ ម្ចាស់ផ្ទះបានបិទទ្វាររបងដូចសព្វមួយដង ខណៈនោះក៏ស្រាប់តែមានជន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយអាវុធវែងនិងខ្លី ឈប់ម៉ូតូស្ទុះមកភ្ជង់ម្ចាស់ផ្ទះមិនឲ្យស្រែក និងចាប់ចងម្ចាស់ផ្ទះបុរសជាប្តីវាយធ្វើបាបថែមទៀត ។
លោក ឡុង សារិន បានបន្តថា ក្រុមចោរប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណទាំងនោះ និងនាំគ្នារើកកាយជជុះរករបស់របរមានតម្លៃ រួមមាន ប្រាក់អាមេរិកចំនួន១.៥០០ដុល្លារ ប្រាក់ខ្មែរដែលលក់ប្រចាំថ្ងៃប្រហែល១លានរៀល ខ្សែកមាស៣ខ្សែ ម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូម៉ាកហុងដា ធុនសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1J-5758 មានលេខម៉ាស៊ីន8785962 មួយគ្រឿង និងម៉ូតូវ៉េវស៊េរី២០១៤ ពណ៌ក្រហម មិនមានពាក់ស្លាកលេខ ១គ្រឿង ពេលប្រមូលបានហើយ ក្រុមចោរប្លន់ទាំងនោះក៏នាំគ្នាជិះម៉ូតូម្នាក់មួយគ្រឿងគេចខ្លួនបាត់អស់ ។
លោកបន្តថា បុរសជាប្តីត្រូវក្រុមចោរប្លន់ចាប់ចង និងវាយធ្វើបាបលើរាងកាយ ហើយស្ត្រីជាប្រពន្ធកូនខ្ចីក្រោយពីក្រុមចោរចាកចេញទៅបាត់ក៏ស្រាយចំណងឲ្យប្តី បន្ទាប់មកទើបបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍ រូបលោកបានរាយការណ៍ទៅលោកស្នងការនគរបាលខេត្ត និងបញ្ជាឲ្យកម្លាំងព្រហ្មទណ្ឌស្រុកត្បូងឃ្មុំ ចុះដេញតាមប្រមាញ់រកក្រុមមុខសញ្ញាចោរប្លន់ទាំង៤នាក់នោះទាំងយប់ តែមិនមានជនណាម្នាក់ត្រូវបានស្គាល់ឡើយ ។ ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះអាចជាមុខសញ្ញាចាស់ រហូតមកដល់ព្រឹកថ្ងៃទី២៩ តុលា កម្លាំងសមត្ថកិច្ចនៅតែបន្តតាមស្រាវជ្រាវ ដើម្បីចាប់ក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ