ខេត្តសៀមរាប ៖ នៅតំបន់ប៉ូលទេសចរប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា មានការបើកភ្លើងខៀវឱ្យរថយន្តដឹកដី និងដឹកទំនិញសំពីងសំពោងធ្វើសកម្មភាពជញ្ជូនចូលក្រុងសៀមរាបយ៉ាងអនាធិបតេយ្យ ធ្វើឱ្យធូលីដីហុយស្ទើរមើលផ្លូវមិនឃើញ ខណៈពេលដែលអាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវនានាមិនមានចំណាត់ការសោះឡើយ ។
បើតាមសេចក្តីរាយការណ៍ជាក់ស្តែងដែលបានផ្តិតយករូបភាពបានបង្ហាញឱ្យដឹងថា មានរថយន្តដឹកដីពីតាមបណ្តាស្រុកមួយចំនួននៃខេត្តសៀមរាបរាប់រយគ្រឿងសម្រុកដឹកដីយកមកលក់នៅក្នុងទីប្រជុំជន នៃក្រុងសៀមរាប ដោយមិនបានគ្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយគេសង្កេតឃើញមានធូលីដីធ្លាក់រប៉ាត់រប៉ាយតាមផ្លូវ ធ្វើឲ្យពលរដ្ឋមានការខឹងសម្បារ និងរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើអាជ្ញាធរខេត្តសៀមរាបថា គ្មានចំណាត់ការណាមួយសមរម្យសោះឡើយ ដោយឃើញតែយកលុយពីក្រុមឈ្មួញ ឬថៅកែដឹកដីដាក់ហោប៉ៅខ្លួនឯងទៅវិញ ។
ប្រភពបានបន្តថា ចំណែករថយន្តដឹកទំនិញសំពីងសំពោងរាប់រយគ្រឿងដឹកចូលក្រុងសៀមរាបជារៀងរាល់ថ្ងៃ ក៏មិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ឬក៏សមត្ថកិច្ចណាមួយចេញមុខបង្ក្រាប ឬក៏ធ្វើការណែនាំសោះឡើយ ដោយឃើញតែសមត្ថកិច្ចនៅតាមដងផ្លូវមួយចំនួនយកលុយពីក្រុមរថយន្តទាំងនោះយ៉ាងត្រជាក់ចិត្ត ជាពិសេសនរណាក៏ឃើញជាក់ស្តែងដែរថា សមត្ថកិច្ចដែលយកលុយបានច្រើនជាងគេគឺខាងសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ត្រីប៉ូលិសចរាចរណ៍ និងប៉ូលិសសណ្តាប់ធ្នាប់ផងដែរ ។ ហើយក្រុមមន្ត្រីទាំងនោះតែងតែប្រមូលលុយយកទៅឱ្យថ្នាក់លើដើម្បីទប់តំណែងរបស់ខ្លួនឱ្យបាននៅយូរអង្វែង ។
ប្រភពបានបន្ថែមទៀតថា នៅក្នុងក្រុងសៀមរាប ទាំងយប់ទាំងថ្ងៃ គេសង្កេតឃើញមានសភាពធូលីដីហុយស្ទើរមើលផ្លូវមិនឃើញនៅពេលដែលរថយន្តធំៗបើកឆ្លងកាត់ម្តងៗ ហើយក្រុមពលរដ្ឋបានស្នើឲ្យអាជ្ញាធរជុំវិញខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ គួរតែមានវិធានការឱ្យបានតឹងតែង ដើម្បីឱ្យស័ក្តិសមទៅនឹងពាក្យថា «ទីក្រុងស្អាត រមនីយដ្ឋានល្អ» ពិតប្រាកដមែននោះ ។
លោកវរសេនីយទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ថា លោកបានច្រានចោលនូវការលើកឡើងខាងលើ ហើយលោកបានអះអាងថា មិនបានអនុញ្ញាតឱ្យកូនចៅរបស់លោកដែលឈរជើងនៅតាមគោលដៅទាំងអស់នៃខេត្តសៀមរាបយកលុយពីឡានដឹកដី និងដឹកទំនិញសំពីងសំពោងនោះឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រសិនបើឃើញមានកូនចៅមួយណាយកលុយពីឡានដឹកទំនិញទាំងនោះ លោកបានស្នើឱ្យអ្នកកាសែតរាយការណ៍ និងប្រាប់ឈ្មោះមន្ត្រីទាំងនោះ ដើម្បីលោកមានវិធានការដកបញ្ឈរជើងនៅស្នងការតែម្តង ។
ជុំវិញករណីខាងលើនេះដែរលោកវរសនីយឯក កែវ រក្សា ប្រធានការិយាល័យសណ្តាប់ធ្នាប់ខេត្ត មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។ ចំណែក លោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរនៅរសៀលថ្ងៃនេះ ខណៈទូរស័ព្ទរបស់លោកក៏នៅក្រៅតំបន់សេវាដែរនោះ ។
ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ស្នើឱ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប មានចំណាត់ការយ៉ាងណា ដើម្បីរៀបចំឱ្យទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ក្លាយទៅតាមពាក្យស្លោកថា «ទីក្រុងស្អាត រមនីយដ្ឋានល្អ» នោះ ។ ពលរដ្ឋស្នើទៀតថា លោកអភិបាលខេត្តគួរមានវិធានការដុះក្អែលមន្ត្រីខិលខូចនៅជុំវិញខេត្តផង ព្រោះមន្ត្រីមួយចំនួនតូចទាំងនោះធ្វើជាឆ្អឹងទទឹង.ក នៃការអភិវឌ្ឍន៍នៅក្នុងខេត្តសៀមរាបទាំងមូល ជាពិសេសកុំឱ្យពួកគេធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្តរបស់ពួកគេ ៕
ចែករំលែកព័តមាននេះ