ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង២រសៀលថ្ងៃទី២៧ តុលា ២០១៥នេះ លោកវរសេនីយ៍ទោ កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា រឿងចោរ៥នាក់ប្លន់ផ្ទះដូរលុយកណ្តាលថ្ងៃត្រង់ដេញស្ទាក់ចាប់បានម្នាក់នោះ សមត្ថកិច្ចនគបាលស្រុកស្វាយទាបបានបំភ្លឺថា តាមពិតចោរមានតែម្នាក់ទេបានចូលលួចលុយក្នុងទូដូរលុយមិនមែនជាករណីប្លន់ទេ គឺជាករណីលួច ។
លោក កែវ សុថា បន្តទៀតថា កាលពីថ្ងៃទី២៥ តុលា ២០១៥ វេលាម៉ោង១២ និង៣០ថ្ងៃត្រង់ មានចោរ១ម្នាក់ ជិះម៉ូតូ១គ្រឿងចូលលួចលុយផ្ទះដូរលុយ និងលក់គ្រឿងទេស ដែលមានម្ចាស់ឈ្មោះ នុត ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយលួចយកលុយពីក្នុងទូដូរលុយអស់៣លានរៀល និងប្រាក់៧០០ដុល្លា រួចរត់ឡើងជិះម៉ូតូគេចខ្លួន តែត្រូវអ្នកស្រុកបានឃើញក៏នាំគ្នាស្រែកឆោឡោ និងនាំគ្នា៤នាក់ជិះម៉ូតូដេញតាមចាប់ចោរ និងប្តឹងសមត្ថកិច្ចព័ទ្ធចាប់បានចោរម្នាក់ និងម៉ូតូម៉ាកស្កុបពី១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១AW-៩៨៦៣ ដែលចោរជិះមកធ្វើសកម្មភាពលួច ។ ប្រភពបន្តទៀតថា ជនសង្សយ័ឈ្មោះ ដួង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករមានទីលំនៅបច្ចុប្បន្ននៅភូមិប្រសូត្រ២ ឃុំប្រសូត្រ ស្រុកស្វាយទាប ។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគបាលខេត្ត ដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក កុយ សុភាព ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្ត បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវរកឃើញថា ការពិតចោរលួច មិនមែនជាករណីចោរប្លន់ទេ ។ ចំណែកមនុស្ស៤នាក់ទៀតគឺជាប្រជាពលរដ្ឋដែលជាអ្នកដេញចាប់ចោរ ហើយពេលដេញទាន់ ចោរភ័យផ្តួលម៉ូតូរត់ចូលព្រៃ ពលរដ្ឋ៣នាក់ដេញតាមចោរ រីឯម្នាក់ឈ្មោះ កាន់ ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ មិនបានរត់ដេញតាមចាប់ចោរទេ គឺបានចូលទៅកន្លែងម៉ូតូចោរហើយឃើញលុយចោរលួចបានដាក់នៅក្នុងប្រអប់ម៉ូតូក៏យកដាក់ក្នុងកែបម៉ូតូរបស់ខ្លួន មិនបានប្រគល់លុយឲ្យសមត្ថកិច្ចទេ គឺប្រគល់ឲ្យសមត្ថកិច្ចតែចោរ និងម៉ូតូ ។ ហើយនៅវេលាម៉ោង៣រសៀល ឈ្មោះ កាន់ ប៊ុនធឿន បានយកលុយទៅទិញមាស៣ជីក្នុង១ជីតម្លៃ១៤០ដុល្លារ ស្មើ៤២០ដុល្លារ និងឈ្នួល១០ដុល្លារ សរុប៤៣០ដុល្លា ។
លោកវរសេនីយ៍ទោ កែវ សុថា បន្តទៀតថា ការឈានដល់ចាប់ខ្លួនឈ្មោះ កាន់ ប៊ុនធឿន នេះគឺក្រោយពីសួរចម្លើយជនសង្ស័យឈ្មោះ ដួង សីហា បានឲ្យដឹងថា រូបគេលួយលុយបានដាក់ក្នុងប្រអប់ម៉ូតូស្កុបពីដែលខ្លួនជិះធ្វើសកម្មភាព តែមិនដឹងចំនួនប៉ុន្មានទេទើបសមត្ថកិច្ចជំនាញស្រាវជ្រាវ និងហៅពលរដ្ឋ៤នាក់ដែលដេញចាប់ចោរមកសាកសួរថា ក្នុងចំណាម៤នាក់នរណាជាអ្នកទៅដល់ម៉ូតូមុនគេ ទើបដឹងថាឈ្មោះ កាន់ ប៊ុនធឿន ទៅដល់ម៉ូតូមុន ទើបឃាត់ខ្លួនមកសាកសួរ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានលួចលុយបន្តពីចោរប្រាកដមែន និងរឹបអូសបានប្រាក់ដុល្លារចំនួន៣០០ដុល្លារ ប្រាក់ខ្មែរ៧សែនរៀល និងខ្សែកមាសទម្ងន់៣ជី ។ ដូច្នេះជនសង្ស័យឈ្មោះ កាន់ ប៊ុនធឿន ជាប់ចោទពីបទលួច ដែលមានស្ថានទម្ងន់ទោស តាមមាត្រា៣៥៦ នៃច្បាប់ក្រមព្រហ្មទណ្ឌ និងពីបទលប់បាត់វត្ថុតាងដែលមានស្ថានទម្ងន់ទោស តាមមាត្រា៥៣៣ នៃច្បាប់ក្រមព្រហ្មទណ្ឌ ត្រូវជាប់ពន្ធនាគារចាប់ពី១ឆ្នាំទៅ៣ឆ្នាំ ។ ឯជនសង្ស័យឈ្មោះ ដួង សីហា ដែលលួចដំបូងជាប់ចោទពីបទលួចដែលមានស្ថានទម្ងន់ទោស តាមមត្រា៣៥៦ត្រូវជាប់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ ។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ តុលា ២០១៥ និងចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីវេលាម៉ោង៥ល្ងាចថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ