ខេត្តសៀមរាប ៖ អតីតនិស្សិតនៅខេត្តសៀមរាបដែលបានគំរាមបោកគ្រាប់បែកសម្លាប់សម្តេចក្រឡាហោម ស ខេង តាមហ្វេសប៊ុក នឹងត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី២៨ តុលាខាងមុខនេះ ។ នេះបើតាមមេធាវីការពារក្ដីរបស់អតីតនិស្សិត តៅ សាវឿន បានឲ្យដឹងនៅថ្ងៃទី២៦ តុលានេះ ។
មេធាវីការពារក្ដីឱ្យអតីតនិស្សិត តៅ សាវឿន គឺអ្នកស្រី កុយ កិត្យា បានមានប្រសាសន៍ថា តុលាការខេត្ដសៀមរាបបានសម្រេចផ្ដន្ទាទោសយុវជនឈ្មោះ តៅ សាវឿន រយៈពេល១៥ខែ តាមមាត្រា២៣៣ នៃបទក្រមព្រហ្មទណ្ឌ ប៉ុន្តែអនុវត្តទោស១ខែ នៅសល់គឺព្យួរទាំងអស់ បន្ទាប់ពីការជំនុំជម្រះក្តីកាលពីថ្ងៃទី២២ តុលា ២០១៥កន្លងទៅថ្មីៗនេះ ។ អ្នកស្រីបន្ដថា នៅថ្ងៃទី២៨ តុលានេះ គឺគ្រប់១ខែហើយ ដូច្នេះកូនក្ដីរបស់អ្នកស្រីនឹងមានសេរីភាពវិញ ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ កញ្ញា ២០១៥ យុវជនឈ្មោះ តៅ សាវឿន និស្សិតរៀនសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East Asia) ហៅកាត់ថា USEA ខេត្ដសៀមរាប មានទីលំនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការបន្ទាប់ពីយុវជនរូបនោះបានគំរាមបោកគ្រាប់បែកសម្លាប់សម្តេចក្រឡាហោម ស ខេង តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈពេលដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យនោះ ។ គិតចាប់ពីថ្ងៃចាប់ខ្លួនរហូតដល់ថ្ងៃទី២៨ ខែតុលានេះ គឺមានរយៈពេល១ខែល្មម ។
មហាជនទូទាំងខេត្តសៀមរាប និងទូទាំងប្រទេស ក៏ដូចជាអ្នកលេងហ្វេសប៊ុកទន្ទឹងរង់ចាំមើលថា តើអតីតនិស្សិតសាកលវិទ្យាល័យ USEA តៅ សាវឿន អាចចេញពីពន្ធនាគារបានដែរ ឬយ៉ាងណា?
ចែករំលែកព័តមាននេះ