រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទួលសង្កែ កាលពីវេលាម៉ោង០៩ និង២០នាទីព្រឹក ថ្ងៃទី២២ តុលា ២០១៥ បន្ទាប់ពីធ្វើសកម្មភាពលួចប្រាក់ពីអាជីវករលក់អីវ៉ាន់ចាប់ហួយ និងដូរប្រាក់នៅក្នុងផ្សារទួលសង្កែ ហៅផ្សារ សាំហាន់ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនសង្ស័យរូបនោះឈ្មោះធុង វឿន ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅពុំពិតប្រាកដ ចំណែកជនរងគ្រោះដែលត្រូវចោរលួចឈ្មោះ ស៊ូ កេសរារ័ត្ន ភេទស្រី អាយុ៣៧ឆ្នាំ ជាអាជីវករលក់ដូរ និងដូរលុយតូបលេខ៦Qក្នុងផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ស្នាក់នៅចំណុចកើតហេតុខាងលើ។
តាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងឈរលក់ដូរនៅក្បែរទូរដូរលុយដោយមានម៉ូយមកចូលទិញថង់សំរាប់ដាក់អីវ៉ាន់ ខណៈនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលូកយកលុយក្នុងទូរដូរលុយរបស់គាត់ តែសំណាងល្អគាត់ងាកមកឃើញទាន់ស្រែកផ្អើលឆោឡោ ហើយប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនាំគ្នាចាប់ខ្លួន ព្រមទាំងដកហូតបានប្រាក់ត្រឡប់មកវិញ។
ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ដើម្បីចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ