ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនដៃដល់ឈ្មោះអៀប ចាន់ដារ៉ា ដែលអារ.កសម្លាប់សង្សារដោយសារខឹងនាងមិនធ្វើម្ហូបក្លែមស្រាត្រូវបានប៉ូលិសខេត្តតាកែវសហការជាមួយប៉ូលិសស្រុកអង្គរជ័យចាប់ខ្លួនបានហើយកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ តុលា នៅក្នុងផ្ទះរបស់ឪពុកមាជនសង្ស័យស្ថិតនៅចំណុចភូមិក្រែចៀ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។
គួររំលឹកថា នារីម្នាក់ត្រូវបុរសជាសង្សារយកកាំបិតប៉័ងតោអារ.កសម្លាប់ចោលមិនប្រណីដៃនៅលើផ្ទះ ដោយសារខឹងនាងមិនព្រមធ្វើម្ហូបឱ្យក្លែមស្រា។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤៤នាទីយប់ ថ្ងៃទី១៣ តុលា ២០១៥ នៅលើផ្ទះរបស់ជនដៃដល់ស្ថិតក្នុងភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់។
នារីរងគ្រោះដែលត្រូវជនដៃដល់អារ.កសម្លាប់ឈ្មោះជីម ផល្លី ហៅស្រីខួច អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ចំណែកជនដៃដល់ឈ្មោះអៀប ចាន់ដារ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់បានហៅនារីរងគ្រោះជាសង្សារមកលេងផ្ទះតាំងពីពេលថ្ងៃ រហូតដល់យប់ម៉ោងកើតហេតុជនដៃដល់បានប្រើនារីរងគ្រោះឱ្យធ្វើម្ហូបក្លែម តែនាងធ្វើយូរពេកជនដៃដល់ក៏វាយនាងមួយដៃធ្វើឱ្យនឹងខឹងរត់ឡើងទៅដេកលើផ្ទះ ពេលនោះជនដៃដល់ក៏កាន់កាំបិតប៉័ងតោឡើងទៅតាមហើយឈ្លោះប្រកែកគ្នាខ្លាំងៗមួយសន្ទុះក៏ស្ងាត់មាត់ ហើយឃើញមានឈាមហូរធ្លាក់មកក្រោមផ្ទះធ្វើឱ្យមិត្តភក្តិរបស់ជនដៃដល់ដែលអង្គុយនៅក្រោមផ្ទះភ័យស្លន់ស្លោនាំគ្នារត់បាត់អស់ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ដែរ៕
ចែករំលែកព័តមាននេះ