រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់កាបូប២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារី២នាក់ដែលកំពុងជិះម៉ូតូតាមដងផ្លូវតែមិនបានសម្រេចដោយនារីម្ចាស់កាបូបជិះម៉ូតូបំបុកម៉ូតូជនសង្ស័យវិញ បណ្តាលឱ្យដូលម៉ូតូ ហើយស្របពេលនោះសមត្ថកិច្ចកំពុងឈរជើងនៅគោលដៅប្រចាំការក៏ដេញតាមចាប់ភ្លាមៗ តែជនសង្ស័យទុកម៉ូតូចោលនៅកន្លែងកើតហេតុ ហើយក៏រត់ទៅឡើងជិះម៉ូតូបក្សពួកដែលចាំបិទគូទមួយគ្រឿងទៀតទៅបាត់ កាលពីវេលាម៉ោង៨និង៥នាទីយប់ថ្ងៃទី៦ តុលា ២០១៥ ស្ថិតនៅម្តុំលក់គ្រឿងរថយន្តផ្សារដេប៉ូ តាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួកគោក ។
នារីម្ចាស់កាបូបទាំង២នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងជិះម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1AH-XXXX ជិះឌុបគ្នាមកពីហូបអីនៅម្តុំសាលាសន្ធរម៉ុក ហើយធ្វើដំណើរទៅផ្ទះវិញ ក៏ស្រាប់តែមានជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរួស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-8396 ដែលជិះម៉ូតូស្របជាម៉ូតូនាង ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងជាប់ខ្លួនរបស់នាងតែម្តង តែពេលនោះនាងមិនព្រមឱ្យក៏ទាញកាបូបមកវិញ រួចនាងក៏ជិះម៉ូតូបំបុកម៉ូតូជនសង្ស័យវិញ បណ្តាលឱ្យដូលម៉ូតូនៅលើថ្នល់ ហើយក៏ស្រែកថា «ចោរៗ» ភ្លាមនោះសមត្ថកិច្ចដែលកំពុងឈរជើងនៅក្បែរកន្លែងកើតហេតុក៏ចេញអន្តរាគមន៍ តែជនសង្ស័យមានបក្ខពួកជិះម៉ូតូមួយគ្រឿងទៀត ក៏មករំដោះជនសង្ស័យចេញពីកន្លែងបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ សម្ថកិច្ចបានយកម៉ូតូរបស់ជនសង្ស័យមួយគ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ ដើម្បីស្រាវជ្រាវបន្ត ។
ចំណែកនារីដ៏ស្រស់ស្អាតក្លាហានម្ចាស់កាបូប បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ សុំឱ្យសមត្ថកិច្ចចាត់ចែងតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ