រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករាកាលពីថ្ងៃទី៥ តុលា ២០១៥ បានឆ្មក់ចាប់ខ្លួនក្រុមជួញដូរ និងចែកចាយគ្រឿងញៀនបាន២នាក់នៅតាមច្រកឌឿងហែម ក្នុងសង្កាត់អូរឫស្សី៣ ព្រមទាំងដកហូតថ្នាំញៀនម៉ាទឹកកកចំនួន៤កញ្ចប់តូច ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនម្នាក់ឈ្មោះ ឈៀង ណេង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា និងម្នាក់ឈ្មោះ ស៊ុន ហ៊ាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០អឺ១ហ្សិត ផ្លូវ១៦៤ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ។
សមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី៥ តុលា ២០១៥ មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចថា នៅចំណុចផ្លូវច្រកឌឿងហែមលេខ១៦៤ កែងនិងផ្លូវ១០៩ ក្នុងសង្កាត់អូរឫស្សី៣ មានយុវជន១ក្រុមកំពុងសេពគ្រឿងញៀន ។ ពេលទទួលបានព័ត៌មានហើយ កម្លាំងនគរបាលខណ្ឌបានចុះទៅដល់ភ្លាម និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈៀង ណេង និងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់តូច ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះបានសារភាពថា ថ្នាំដែលគេបានប្រើប្រាស់លាក់ទុកនៅខ្លួននេះគឺទិញពីឈ្មោះ ស៊ុន ហ៊ាង តម្លៃ២០ដុល្លារអាមេរិក ។
យោងតាមចម្លើយពាក់ព័ន្ធបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀន សមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានឈានទៅឃាត់ខ្លួនបក្ខពួកគេម្នាក់ទៀតឈ្មោះ ស៊ុន ហ៊ាង ដែលកំពុងសម្ងំប្រើប្រាស់គ្រឿងញៀននៅផ្ទះក្បែរគ្នានោះដែរ ។
សមត្ថកិច្ចនគរបាលខណ្ឌ៧មករាបន្តថា ជនសង្ស័យបានសារភាពដូចគ្នា គឺពួកគេជាក្រុមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន គ្រាន់តែជារូបភាពតូចតាចប៉ុណ្ណោះ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ