ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដណ្ដើម​ម៉ូយ​គ្នា​ហាង​ខារ៉ាអូខេ​៣ឈ្លោះប្រកែក​គ្នា​បែកផ្សែង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ខារ៉ាអូខេ​២​ក្រុម​ដែល​មាន​ហាង​ជិត​គ្នា ដោយសារ​ការ​ឌឺដង​ជា​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ចុង​ក្រោយ​បាន​ឈាន​ដល់​ការ​ផ្ទុះ​ហិ.ង្សា​វាយតប់​គ្នា​មួយ​ប្រាវ បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ផ្លូវ​សាធារណៈ

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ខារ៉ាអូខេ​២​ក្រុម​ដែល​មាន​ហាង​ជិត​គ្នា ដោយសារ​ការ​ឌឺដង​ជា​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ចុង​ក្រោយ​បាន​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​វាយតប់​គ្នា​មួយ​ប្រាវ បង្ក​ការ​ភ្ញាក់ផ្អើល​តាម​ផ្លូវ​សាធារណៈ កាលពី​វេលា​ម៉ោង​១​ និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​ផ្លូវ​លេខ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា មុន​កើតហេតុ​គេ​ឃើញ​នារី​ៗ​បម្រើ​ការ​នៅ​ហាង​ខារ៉ាអូខេ​ញូ​វ​ស្កា​យ មាន​សម្ដី​ឌឺដង​ដាក់​គ្នា​ជាមួយ​នារី​ៗ​នៅ​ហាង​ខារ៉ាអូខេ​អង្គរ​ខ្មែរ ដែល​នៅ​ជាប់​គ្នា ។ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​ឈាន​ដល់​ការ​វាយតប់ និង​យក​ដុំ​ថ្ម​ដេញ​គប់​គ្នា​ប្រសាច​ពេញ​ផ្លូវ​ និង​បាន​គប់​ដុំ​ថ្ម​ចូល​ពេញ​ក្នុង​ហាង​ប៊្លូថោ​ន ដែល​នៅ​ម្ខាង​ផ្លូវ បណ្ដាល​ឱ្យ​មាន​អ្នក​របួសស្រាល​ជា​ច្រើន​នាក់ និង​បណ្ដាល​ឱ្យ​បែក​កញ្ចក់​ទ្វារ​ហាង​ផង ។

បើ​តាម​ម្ចាស់​ហាង​ញូ​វ​ស្កា​យ និយាយ​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មានការ​ដេញ​វាយ​គ្នា គឺ​មក​ពី​ខាង​ហាង​ខារ៉ាអូខេ​អង្គរ​ខ្មែរ និង​ខារ៉ាអូខេ​ប៊្លូថោ​ន នាំ​គ្នា​មក​វាយ​កូនចៅ​គាត់​មុន​បណ្ដាល​ឱ្យ​រង​របួស ទើប​គាត់​បក​ទៅ​រករឿង​វិញ ។

ទោះបីជា​បែប​ណា បើ​តាម​ម្ចាស់​ហាង​ខារ៉ាអូខេ​ប៊្លូថោ​ន និយាយ​ថា តាម​ពិត​មុន​កើតហេតុ​គាត់​ឃើញ​ម្ចាស់​ហាង​ខារ៉ាអូខេ​ញូ​វ​ស្កា​យ មាន​ទំនាស់​ជាមួយ​ហាង​ខារ៉ាអូខេ​អង្គរ​ខ្មែរ និង​ដេញ​វាយ​គ្នា​មក​ដល់​មុខ​ហាង​របស់​គាត់ ។ ជាមួយ​នេះ មាន​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឱ្យ​ដុំ​ថ្ម​ទាំងនោះ​ហោះ​ចូល​ពេញ​ក្នុង​ហាង​របស់​គាត់ និង​ថែម​ទាំង​បែក​កញ្ចក់​ទ្វារ​ហាង​របស់​គាត់​ទៀត​ផង ។

ប្រភព​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ប្រកប​របរ​រត់​ម៉ូតូឌុប​នៅ​ចំណុច​ខាងលើ​និយាយ​ថា មូលហេតុ​ដែល​ម្ចាស់​ហាង​ខារ៉ាអូខេ​ឈ្លោះ​ទាស់ទែង​គ្នា​នេះ មិន​មាន​អ្វី​ក្រៅពី​ដណ្ដើម​ម៉ូយ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ។ គេ​តែងតែ​ឃើញ​ស្ដ្រី​ដែល​បម្រើ​ការ​នៅ​តាម​បណ្ដោយ​ផ្លូវ​ខាងលើ មានការ​ឈ្លោះ​ទាស់ទែង​គ្នា​សឹងតែ​រាល់​យប់​ទៅ​ហើយ និង​មានការ​ដេញចាប់​ម៉ូយ​រញ៉េរញ៉ៃ​ពេញ​ដងផ្លូវ ដូចនេះ​ពួក​គាត់​សូម​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​មើល​សណ្ដាប់ធ្នាប់​នៅ​ចំណុច​ខាងលើ​ផង ។

ក្នុង​ករណី​វាយ​ និង​គប់​ដុំ​ថ្ម​ដាក់​គ្នា​រវាង​ហាង​ខារ៉ាអូខេ​ខាងលើ ក្រោយ​កើតហេតុ គេ​ឃើញ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​សម្របសម្រួល​ផង​ដែរ ។

ជា​ការ​ពិត​ណាស់ អ្នកមានរ​បរដូច​គ្នា​ហើយ​នៅ​ជិត​គ្នា​បែប​នេះ កម្រ​មាន​សន្តិភាព​រវាង​គ្នា​នឹង​គ្នា​ណាស់ ៕