ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកវ៉ារិនបានសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយស បើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងឈានដល់ធ្វើការឃាត់ខ្លួនបានចំនួន៩នាក់ ខណៈពួកគេបាននាំគ្នាជិះម៉ូតូហ៊ោកញ្ជ្រៀវរួចជាន់ចន្ទល់អូសតាមផ្លូវសាធារណៈ នាំយកមកចាប់កោរសក់ និងធ្វើការអប់រំ ព្រមទាំងឱ្យឪពុក-ម្តាយធ្វើកិច្ចសន្យាធានាត្រឡប់ទៅផ្ទះវិញ ។ ហេតុការណ៍ចុះបង្ក្រាបក្រុមក្មេងទំនើងនេះធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈក្នុងភូមិ ឫស្សីធំ និងភូមិឫស្សីតូច ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ ណុប សារ៉ាក អធិការនគរបាលស្រុកវ៉ារិនបានប្រាប់«កោះសន្តិភាព»តាមទូរស័ព្ទនៅរសៀលថ្ងៃទី២ តុលា ២០១៥នេះថា ក្រុមក្មេងទំនើងទាំង៩នាក់នោះ មាន ១-ឈ្មោះ មៀន មួយ ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ មឿត ឃ្លោក ភេទប្រុស អាយុ២៧ឆ្នាំ ជាមេខ្លោង, ៣-ឈ្មោះ យើត យ៉ា ភេទប្រុស អាយុ២២ឆ្នាំ, ៤- ឈ្មោះ មាន មុំ ភេទប្រុស អាយុ២០ឆ្នាំ, ៥-ឈ្មោះ ដឿក ឌា ភេទប្រុស អាយុ១៦ឆ្នាំ, ៦-ឈ្មោះ ឃាន សាមេត ភេទប្រុស អាយុ២០ឆ្នាំ, ៧-ឈ្មោះ ហួ កុត ភេទប្រុស អាយុ១៩ឆ្នាំ, ៨-ឈ្មោះ ទិត្យ ទ័ព ភេទប្រុស អាយុ២៥ឆ្នាំ និង ៩-ឈ្មោះ រ៉ា ទី ភេទប្រុស អាយុ១៧ឆ្នាំ ។ ជនទាំងនេះមានទីលំនៅភូមិកំបោរ ឃុំស្វាយស ស្រុកវ៉ារិន ។
លោកបន្តទៀតថា ក្រោយពីបានធ្វើការចាប់ឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង៩នាក់ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកវ៉ារិន ហើយកម្លាំងជំនាញបានហៅអាណាព្យាបាលមកចូលរួមអប់រំ ហើយឪពុក-ម្តាយសំណូមឱ្យសមត្ថកិច្ចកាត់សក់វែងដែលមានពណ៌ចេញ ហើយអាណាព្យាបាលមានការរីករាយសប្បាយចិត្តក្នុងសកម្មភាពដែលកម្លាំងនគរបាលស្រុកវ៉ារិនចេញប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ក៏ដូចជាកូនចៅរបស់គាត់ផងដែរ ។
បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការកោរសក់ និងអប់រំរួច ក៏ប្រគល់ក្មេងទំនើងទាំង៩នាក់នោះឱ្យឪពុក-ម្តាយយកទៅធ្វើការអប់រំណែនាំបន្ត ៕
ចែករំលែកព័តមាននេះ