រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវបានចោរឆក់កាបូបស្ពាយចំហៀងយកទៅបាត់ហើយដួលម៉ូតូបោកទៅនឹងថ្នល់សន្លប់ឈឹង ក៏ត្រូវប្រជាពលរដ្ឋដែលនៅម្តុំនោះជួយសង្គ្រោះបឋមរហូតដឹងខ្លួនហើយក៏សន្លប់ទៅវិញដោយសារតែមានការភិតភ័យពេក ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី០១ តុលា ២០១៥ នៅចំណុចមុខក្រសួងការងារ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1AQ-9145 តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្រាប់តែមកដល់កន្លែងកើតហេតុមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់នាងបណ្តាលឱ្យនាងដួលម៉ូតូបោកទៅនឹងថ្នល់សន្លប់ស្តូកស្តឹង ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅម្តុំនោះធ្វើការសង្គ្រោះបឋមរហូតដឹងខ្លួនវិញ តែនាងហាក់ដូចជាមានការភិតភ័យខ្លាំងពេករហូតភ្លេចអ្វីៗទាំងអស់សូម្បីតែអាសយដ្ឋាននៅទីណាក៏មិនចាំ លេខទូរស័ព្ទទំនាក់ទំនងទៅក្រុមគ្រួសារ ឬសាច់ញាតិក៏នាងមិនចាំ នាងចាំបានតែថា នាងឈ្មោះថា រ័ត្ន អាយុ២៣ឆ្នាំប៉ុណ្ណោះ បន្ទាប់មកនាងក៏សន្លប់ទៅវិញបាត់ទៅ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏មកដល់ជួយអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់១ ដើម្បីរង់ចាំសាច់ញាតិមកយកទៅវិញ ៕
ចែករំលែកព័តមាននេះ