ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជំនាញ​លួច​ដោះ​គ្រឿង​រថយន្ត​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ស្វាគមន៍​យ៉ាង​ចាស់ដៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ដែល​ជំនាញ​ខាង​លួច​ដោះ​គ្រឿង​រថយន្ត​ដែល​គេ​ចត​ទុក​នៅ​មុខ​ផ្ទះ ត្រូវ​បាន​ម្ចាស់​រថយន្ត​តាម​ទាន់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​ស្ទើរ​ក្ស័យ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ដែល​ជំនាញ​ខាង​លួច​ដោះ​គ្រឿង​រថយន្ត​ដែល​គេ​ចត​ទុក​នៅ​មុខ​ផ្ទះ ត្រូវ​បាន​ម្ចាស់​រថយន្ត​តាម​ទាន់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​ស្ទើរ​ក្ស័យ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​លួច​ដោះ​គ្រឿង​រថយន្ត​នេះ​មានឈ្មោះ វិ​ន ថុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ខណ្ឌ​សែន​សុខ ចំណែក​ម្ចាស់​រថយន្ត​ធុន​ធំ​ ដែល​ត្រូវ​ចោរលួច​ដោះ​គ្រឿង​នោះ​មានឈ្មោះ ភោគ ចិន្ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ រីឯ​រថយន្ត​ដែល​ត្រូវ​ចោរលួច​ដោះ​គ្រឿង​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​ប្រហែល​២​តោន​កន្លះ ពាក់​ស្លាក​លេខ ក​-៤៣០០ ភព​៣ ។

ប្រភព​ពី​ម្ចាស់​រថយន្ត​បានឱ្យ​ដឹង​ថា រថយន្ត​របស់​គាត់​ខូច​ប្រហែល​២​ខែ​មក​ហើយ ដោយ​ចត​ទុក​នៅ​មុខ​ផ្ទះ​កន្លែង​កើតហេតុ ។ មុន​ពេល​កើតហេតុ​កាលពី​រសៀល​ម៉ោង​ប្រហែល​២​ថ្ងៃមិញ គាត់​ក៏​បាន​ពិនិត្យ​មើល​ឡាន​ដឹង​ថា ត្រូវ​ចោរលួច​ដោះ​យក​ឡាប​អស់​១​គូ​យក​ទៅ​បាត់ ព្រមទាំង​ដោះ​ក្រ​ឡេ​, កង់​ខាងឆ្វេង ព្រមទាំង​ប៉ុង​រួច​ជា​ស្រេច តែ​មិន​ទាន់​លួច​យក​ទៅ​ទេ ។ ដោយ​ឃើញ​បែប​នេះ ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​គិត​ថា យប់​នេះ​ចោរ​នឹង​មក​លួច​យក​ទៅ​ជា​មិន​ខាន ក៏​នៅ​សម្ងំ​ចាំ​ឃ្លាំមើល ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់ ក៏​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដែល​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ និង​៣​នាក់​ទៀត​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​ម៉ូតូ​អង្គុយ​ក្បែរ​រថយន្ត​របស់​គាត់ ។

ប្រភព​បន្ត​ទៀត​ថា ប្រហែល​១​ម៉ោង​ក្រោយមក​យប់​ស្ងាត់ អ្នក​នៅ​ម្តុំ​នោះ​ក៏​នាំ​គ្នា​បិទទ្វារ​សម្រាក ស្រាប់តែ​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​លូន​ចូល​ក្រោម​ឡាន​របស់​គាត់​បម្រុង​ដោះ​យក​គ្រឿង​រថយន្ត​របស់​គាត់ គាត់​ក៏​ស្រែក​ឆោ​រ​ឡោ​ឡើង​ផ្អើល​ដល់​អ្នក​រស់នៅ​ម្តុំ​នោះ​ចេញ​មក​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​លូន​ចូល​ទៅ​ក្រោម​រថយន្ត​របស់​គាត់ ​ហើយ​ស្វាគមន៍​យ៉ាង​ចាស់ដៃ ទើប​ប្រគល់​ទៅ​សមត្ថកិច្ច​សង្កាត់​ភ្នំពេញ​ថ្មី ចំណែក​៣​នាក់​ទៀត​ភ័យ​ស្លន់ស្លោរ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ផ្តន្ទាទោស​ជនសង្ស័យ​តាម​ច្បាប់ ។ ចំណែក​ជនសង្ស័យ និង​ម៉ូតូ​របស់​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ត​ទៀត ៕