រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលលួចម៉ូតូអ្នកធ្វើការសំណង់ជាមួយគ្នាយកទៅលក់បានមួយថ្ងៃ ត្រូវជនរងគ្រោះប្រើល្បិចឱ្យមនុស្សស្រីទូរស័ព្ទទៅទាក់ទងញ៉ែ ហើយណាត់ជួបគ្នា ក៏ត្រូវជនរងគ្រោះនិងមិត្តភក្តិចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៨ កញ្ញា ២០១៥ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះឈ្មោះ ឡេ ណាំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ជាកម្មករសំណង់ខាងរៀបការ៉ូ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅម្តុំទល់មុខគីរីរម្យ មានស្រុកកំណើតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រីឯជនរងគ្រោះមានឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយគ្នា មានស្រុកកំណើតនៅឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត ចំណែកឯម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅលក់នោះម៉ាកអាយខុន ពណ៌ខ្មៅលាយក្រហម ជាម៉ូតូអត់ពន្ធ មានស្លាកលេខតែអត់ចាំ ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាអ្នកធ្វើការសំណង់ជាមួយគ្នាផ្នែករៀបការ៉ូ នៅការដ្ឋានមួយកន្លែងម្តុំមុខរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន កាលពីម្សិលមិញបន្ទាប់ពីធ្វើការហើយ ទាំង២នាក់(ជនសង្ស័យ និងជនរងគ្រោះ) ក៏ត្រូវទៅការដ្ឋានមួយកន្លែងទៀតដើម្បីសម្រាក តែមុននឹងទៅជនរងគ្រោះក៏ចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញត្រូវជនសង្ស័យជិះម៉ូតូទៅបាត់ ។ ជនរងគ្រោះព្យាយាមទូរស័ព្ទទៅជនសង្ស័យឱ្យយកម៉ូតូមកឱ្យវិញដែរ តែជនសង្ស័យមិនព្រមយកមកឱ្យសោះ ហើយថែមទាំងបិតទូរស័ព្ទទៀត ។ បន្ទាប់មកក៏នឹកឃើញល្បិចមួយ ដោយឱ្យមិត្តភក្តិស្រីទូរស័ព្ទទៅញ៉ែ និងណាត់មកជួប ស្រាប់តែជនសង្ស័យក៏មកជួបមែន ។ ខណៈពេលជនសង្ស័យមកជួបនៅចំណុចរង្វង់មូលចោមចៅ ក្រុមជនរងគ្រោះដែលរង់ចាំជាស្រេចក៏បាននាំគ្នាព័ទ្ធចាប់យកមកប្រគល់ឱ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះមែន ដោយយកទៅលក់នៅកន្លែងលក់ម៉ូតូម្តុំគិរីរម្យបានតម្លៃ១៥០ដុល្លារ ព្រោះកូនកើតជម្ងឺគ្រុនឈាម ហើយលុយនោះបានផ្ញើទៅឱ្យកូនអស់ហើយ ។ ជនសង្ស័យក៏ព្រមសងថ្លៃម៉ូតូវិញ ដោយឱ្យ៥០ម៉ឺនរៀលសិន ជនរងគ្រោះក៏ទទួលយកលុយ៥០ម៉ឺនរៀលនោះ តែនៅតែទាមទារឱ្យសមត្ថកិច្ចជួយដោះស្រាយរកវិធីដើម្បីបានម៉ូតូរបស់ខ្លួនមកវិញដើម្បីជិះធ្វើការបន្តទៅទៀត ។ តែជនសង្ស័យថា បើចង់បានវិញទាល់តែ៣០០ដុល្លារបានអាចទិញម៉ូតូនឹងយកមកវិញបាន ដូចនេះជនសង្ស័យក៏បានព្យាយាមទូរស័ព្ទទៅប្រពន្ធនៅឯស្រុកដើម្បីឱ្យជួយរកលុយដើម្បីបានទិញម៉ូតូដែលលក់នោះមកឱ្យជនរងគ្រោះវិញ ។
ដោយសារតែរឿងហេតុលួចម៉ូតូនេះកើតឡើងនៅក្នុងទឹកដីខណ្ឌចំការមន សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យក៏បានប្រគល់សំណុំរឿងនេះទៅឱ្យសមត្ថកិច្ចខណ្ឌចំការមនដើម្បីដោះស្រាយបន្ត ។ ចំពោះដំណោះស្រាយយ៉ាងណានោះយើងមិនទាន់បានដឹងនៅឡើយទេ ៕
ចែករំលែកព័តមាននេះ