រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ត្រូវជនមិនស្គាល់មុខ២នាក់ធ្លាក់ទម្លាយទ្វារបន្ទប់ ហើយប្រើដែកច្នៃស្រួចចាក់ចំទ្រូងខាងឆ្វេងរងរបួសធ្ងន់ ហើយស្លាប់នៅមុខបន្ទប់បន្ទាប់ពីដើរចេញមករកគេជួយ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ កញ្ញា ២០១៥ នៅក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះដែលត្រូវគេចាក់នឹងដែកឆាបស្លាប់មានឈ្មោះ វន ថាន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រវែលបេស (Well Best) មានស្រុកកំណើតនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយជិះរថយន្តរោងចក្រទៅមកធ្វើការរាល់ថ្ងៃ ។
ប្រភពពីឈ្មោះ សំ វីរៈ អាយុ១៩ឆ្នាំ ជាមិត្តភក្តិ និងធ្វើការនៅរោងចក្រវែលបេសជាមួយគ្នាបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទូរស័ព្ទមកប្រាប់ថា មានគេចង់ធ្វើស៊ី ហើយក៏ខ្ចីម៉ូតូម៉ាកនិច ពណ៌ស របស់ខ្លួនដើម្បីជិះដើររកមិត្តភក្តិមកជួយ តែមិនទាន់បានរកអ្នកជួយផងក៏ជួបជនសង្ស័យ៤-៥នាក់ ជិះម៉ូតូ តែចាំបានតែម៉ូតូម៉ាកស្កុបពី១គ្រឿង ផ្សេងទៀតមិនចាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកាលពី៣-៤ថ្ងៃ ហើយត្រូវជនសង្ស័យទាំង២នាក់ក្នុងចំណោមបក្ខពួកដេញវាយរហូតផ្តួលម៉ូតូចោលរត់ទៅចូលក្នុងបន្ទប់ជួលក្នុងបុរីសន្តិភាព២ដើម្បីរកគេជួយ តែគ្មានអ្នកជួយក៏ចូលទៅក្នុងបន្ទប់ហើយខ្ទាស់គន្លឹះពីក្នុងតែត្រូវជនសង្ស័យទាំង២នាក់ធាក់ទម្លាយទ្វារហើយប្រើដែកច្នៃស្រួចចាក់ចំដើមទ្រូងខាងឆ្វេង២កន្លែងរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះក៏បានចេញមកក្រៅបន្ទប់ក៏ដួលស្លាប់នៅមុខបន្ទប់តែម្តង ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីដួលស្លាប់នៅមុខបន្ទប់ខ្លួន(ឈ្មោះ សំ វីរៈ) ក៏បានមកឃើញ ហើយទូរស័ព្ទហៅមិត្តភក្តិមកជួយដឹកតាមបណ្តោយផ្លូវ៣០ម៉ែត្រជាប់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យដើម្បីយកទៅឱ្យពេទ្យជួយសង្គ្រោះ ប៉ុន្តែពេទ្យមិនព្រមទទួលព្រោះថារបួសធ្ងន់ពេក ក៏ដឹកមកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដល់មន្ទីរសម្រាកព្យាបាល និងសម្ភព ស័ង្កម៉ារី ក៏ត្រូវក្រុមគ្រួពេទ្យប្រាប់ថា ស្លាប់បាត់យូរហើយ ។ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ