រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនប្រដេញតាមក្រុមចោរលួចម៉ូតូរបស់គូដណ្ដឹងដោយជិះបណ្ដើរស្រែកថាចោរៗបណ្ដើរ ពេលទៅដល់ត្រង់ចំណុចផ្លូវកោងមួយកន្លែងបានវាក់ជាមួយបុរស និងស្ត្រី២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀតដែលកំពុងបើកបញ្ច្រាសគ្នា ហើយបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង សងខាង ប៉ុន្តែស្ត្រីម្នាក់ដែលជិះពីក្រោយប្ដីនោះបានរងរបួសបាក់ជើងខាងឆ្វេង និងមិនដឹងថាអាចព្យាបាលបាន ឬអត់ឡើយ ព្រោះគាត់មានជម្ងឺទឹកនោមផ្អែមផង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ និង៥៥នាទីរសៀល ថ្ងៃទី២៥ កញ្ញា ២០១៥ នៅតាមផ្លូវលំត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិតាអិនសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនដែលជិះម៉ូតូដេញតាមចោរលួចម៉ូតូគូដណ្ដឹងហើយជួបគ្រោះថ្នាក់ចរាចរនោះ ឈ្មោះ ពេជ្រ ចាន់ថុន អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកោះស្នា សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AA-2569 ចំណែកម៉ូតូដែលចោរលួចនោះម៉ាកស៊ុយហ្ស៊ុយគីនិច ដែលមានម្ចាស់ឈ្មោះ ភាន់ វណ្ណដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិប្រាសាទ សង្កាត់ស្នោរ ត្រូវជាគូដណ្ដឹងរបស់យុវជននោះ មិនបានរងរបួសឡើយ។
ដោយឡែកភាគីម្ខាងទៀតមាន២នាក់ប្ដីប្រពន្ធ ត្រូវបានគេស្គាល់ ប្ដីឈ្មោះ ប៊ុន បឿន អាយុ៤៥ឆ្នាំ រងរបួបែកមុខ និងគ្រាំក្នុងខ្លួន រីឯស្ត្រីជាប្រពន្ធឈ្មោះ នួន សារី អាយុ៤៩ឆ្នាំ រងរបួសបាក់ខ្ទេចជើងខាងឆ្វេង មានទីលំនៅក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FB-3015 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះ ភាន់វណ្ណដា បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៏ ១គ្រឿងទៅលេងផ្ទះរបស់យុវជនឈ្មោះពេជ្រ ចាន់ថុន ដែលជាគូដណ្ដឹង ពេលទៅដល់បាន ទុកម៉ូតូនៅក្នុងផ្ទះ ខណៈនោះស្រាប់តែមានចោរ២នាក់បានទៅធ្វើសកម្មភាពចូលលួចយកម៉ូតូនោះជិះគេចខ្លួន។
នៅក្នុងពេលដែលជនសង្ស័យកំពុងជិះម៉ូតូគេចខ្លួន យុវជននោះឃើញក៏បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ របស់ខ្លួនដេញតាមពីក្រោយ និងបានស្រែកថាចោរៗ ពេលនោះបានជិះក្នុងល្បឿនលឿនដូចហោះក្នុងទិសដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចផ្លូវកោងបានវាក់ជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ដែលកំពុងជិះ២នាក់ប្ដីប្រពន្ធក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង ចំណែកក្រុមចោរបានជិះម៉ូតូគេចខ្លួនទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕
ចែករំលែកព័តមាននេះ