ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុមបានចូលទៅបាញ់ប្លន់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងវេរលុយវីងមួយកន្លែងយកលុយមួយចំនួនធំ ព្រមទាំងខ្សែ.កបីខ្សែ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ កញ្ញា ២០១៥ ស្ថិតក្នុងភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្អើលដល់សមត្ថកិច្ចប៉ូលិសនិងប៉េអឹមចុះទៅអន្តរាគមន៍ទាំងយប់ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឡេង រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ និងកូនស្រីដែលរងរបួសឈ្មោះ ឡេង នៃអ៊ីម អាយុ១៩ឆ្នាំ ជាសិស្ស ។
តាមការរៀបរាប់របស់កូនស្រីម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ ពេលឪពុករបស់នាងរៀបចំបិតទ្វារការ៉ាស់សាំង ណាមួយផ្ទះនាងក៏មានបើកវីងវេរលុយផងព្រោះយប់ទៅហើយ ពេលនោះស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីជាច្រើនដើម បានចូលមកបាញ់គំរាម និងភ្ជង់ប្លន់យកទ្រព្យសម្បត្តិរបស់ឪពុកនាង តែចៃដន្យឪពុក និងម្តាយនាងបានរត់គេចខ្លួនរួច នៅសល់នាងដែលនៅលើផ្ទះពេលលឺសូរសំឡេងគ្រាប់កាំភ្លើង ក៏រត់ចុះមកដី ក៏ត្រូវក្រុមចោរបាញ់សំដៅនាងមួយគ្រាប់ តែសំណាងល្អគ្រាប់គ្រាន់តែត្រូវបញ្ឆិតឆ្អឹងខ្នងផ្នែកខាងក្រោយ បណ្តាយឱ្យរងរបួសស្រាល ។ ក្រោយមកក្រុមចោរបានចូលទៅក្នុងផ្ទះរើកកាយយកទ្រព្យសម្បត្តិឪពុកម្តាយនាង ហើយគេចខ្លួនបាត់អស់ទៅ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ករណីប្លន់នេះ គឺក្រុមចោរយកបានលុយខ្មែរ៣៥លានរៀល លុយដុល្លារ២៥០០ដុល្លារ ព្រមទាំងខ្សែ.កផ្លាកទីន៣ខ្សែទម្ងន់១ដំឡឹង ។ ក្នុងហេតុការណ៍ប្លន់នេះ ក្រុមចោរបានបាញ់អស់៥-៦គ្រាប់ ដោយបន្សល់ទុកនូវសំបកកាទូសនៅកន្លែងកើតហេតុផងដែរ ក្នុងនោះបណ្តាលឱ្យកូនស្រីម្ចាស់ផ្ទះម្នាក់រងរបួសលើចង្កេះផ្នែកខាងក្រោយផងដែរ ។ ក្រោយពេលកើតហេតុ បងប្អូន និងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់ ។
ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលព្រហ្មទណ្ឌខេត្ត កំពុងចុះទៅអន្តរាគមន៍តាមចាប់ខ្លួនក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ