រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿងដែលបានបាត់កាលពីយប់ ត្រូវបានម្ចាស់ និងសមត្ថកិច្ចតាមរកតាមរយៈប្រព័ន្ធ GPS ប្រទះឃើញនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង និងម៉ូតូ៣គ្រឿងផ្សេងទៀត ដែលជារបស់ជនសង្ស័យជាមុខសញ្ញាចោរដៃស្អិតលួចយ៉ាងសកម្មម្នាក់មានរហ័ស្សនាមថា «អាស្វា» នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់នៅពេលដែលជនរងគ្រោះ និងកម្លាំងមានសមត្ថកិច្ចចុះទៅដល់ ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ផ្ទះជួលគ្មានលេខមួយកន្លែងស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ព៌ណខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ព្រៃវែង ១C-៣៧៤០ ត្រូវបានម្ចាស់តាមរកឃើញតាមរយៈប្រព័ន្ធ GPS នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងខាងលើដែលចោរលួចបានកាលពីយប់ ហើយយកទៅលាក់ទុកនៅក្នុងបន្ទប់ជួលរបស់ខ្លួន ។ ជនរងគ្រោះមានឈ្មោះ អ៊ុក សំខាន់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានប្តីជាជនជាតិបរទេស ស្នាក់នៅផ្ទះលេខ២២៧ ផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន ត្រូវបានចោរឡើងរបងផ្ទះចូលទៅលួចយកបាត់ម៉ូតូ១គ្រឿងខាងលើ រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿង និងលុយ២០០ដុល្លារអាមេរិកទៀតផងកាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី២១ កញ្ញា ២០១៥នេះ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅយប់កើតហេតុនារីរងគ្រោះបានចតម៉ូតូ និងចាក់សោទុកយ៉ាងត្រឹមត្រូវដូចសព្វមួយដងនៅខាងក្រោមផ្ទះ រួចហើយក៏ឡើងទៅសម្រាន្តនៅខាងលើ ។ លុះព្រឹកឡើងម៉ោងប្រហែលជាជាង៥ព្រឹក ក៏បានភ្ញាក់ពីដំណេកចេញមកក្រៅក៏បានឃើញទ្វាររបងផ្ទះរបស់ខ្លួនបើកចំហ និងបាត់ម៉ូតូដែលចតនៅខាងក្រៅនោះ ក៏មានការភ្ញាក់ផ្អើលកើតឡើង និងរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកងទី១ភ្លាមៗ ។
ករណីចោរឡើងរបងចូលផ្ទះលួចម៉ូតូមួយគ្រឿងដែលភ្ជាប់ប្រព័ន្ធ GPS យកទៅបាត់ រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿង និងលុយ២០០ដុល្លារ ហើយលួចយកទាំងកូនសោររបងទ្វារទៅបាត់កាលពីយប់នោះ លុះព្រឹកឡើងម្ចាស់ផ្ទះ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១បានតាមរកតាមរយៈប្រព័ន្ធ GPS រកឃើញម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវជនសង្ស័យកាច់ស្លាកលេខចេញ រួមទាំងម៉ូតូ៣គ្រឿងទៀតនៅក្នុងបន្ទប់ជួលខាងលើនេះតែម្តង ចំណែកបុរសជាជនសង្ស័យដែលគេស្គាល់រហ័ស្សនាមថា «អាស្វា» បានរត់គេចខ្លួនបាត់ ។
ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ដែលបានរកឃើញតាមរយៈប្រព័ន្ធ GPS នោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ប្រគល់ឱ្យនារីរងគ្រោះវិញ ចំណែកឯម៉ូតូ៣គ្រឿងទៀតត្រូវបានយកទៅរក្សាទុកនៅអធិដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ដែលបានបាត់ជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ