ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​បង្ក្រាប​អ្នក​កត់​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់​នៅ​ចាក់​អង្រែ​លើ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ជា​អ្នក​កត់​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់​ដែល​ជំនាញ​ខាង​ដាក់​តុ​អង្គុយ​ទទួល​កត់​ឆ្នោត​លើ​ដងផ្លូវ​សាធារណៈ​មិន​ខ្វល់​ពី​នគរបាល ឬ​កម្លាំង​អាជ្ញាធរ​នោះ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ជា​អ្នក​កត់​កន្ទុយលេខ​ដុះ​ស្លែ​ម្នាក់​ដែល​ជំនាញ​ខាង​ដាក់​តុ​អង្គុយ​ទទួល​កត់​ឆ្នោត​លើ​ដងផ្លូវ​សាធារណៈ​មិន​ខ្វល់​ពី​នគរបាល ឬ​កម្លាំង​អាជ្ញាធរ​នោះ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​បាន​កម្លាំង​ចម្រុះ​ខណ្ឌមានជ័យ ​ចុះ​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង នៅ​ចំណុច​ផ្លូវ​បេតុង​តូច​មួយ​កន្លែង ក្បែរ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ស្ត្រី​ជា​អ្នក​កត់​កន្ទុយលេខ​ខាងលើ​មានឈ្មោះ ហេង សុធា​រី អាយុ​៥២​ឆ្នាំ មុខរបរ​កត់​ឆ្នោត​ជាង​២០​មក​ហើយ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​ចាប់ខ្លួន និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ផ្ទាល់ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ ក៏​ដូច​ជា​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​សំណាក់​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិ បាល​ខណ្ឌមានជ័យ ពី​ទីតាំង​ល្បែង​កន្ទុយលេខ​ខុសច្បាប់​ខាងលើ ទើប​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​កើតហេតុ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ខាំ សុ​ផា​រី ផង​នោះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ​បាន​ចុះ​មក​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ខណៈ​ស្ត្រី​អ្នក​កត់​កន្ទុយលេខ​កំពុង​អង្គុយ​ដាក់​តុ​កត់​យ៉ាង​រំភើយ មិន​ខ្វាយខ្វល់​ពី​សមត្ថកិច្ច​ទាល់តែ​សោះ ។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ ស្ត្រី​អ្នក​កន្ទុយលេខ​បាន​ឆ្លើយ​ប្រាប់​ថា រូប​គាត់​ប្រកប​របរ​រកស៊ី​កត់​ឆ្នោត​តាំងពី​ឆ្នាំ​១៩៨០​ជាង​មក​ម្ល៉េះ មិន​ដែល​អ្នក​ណា​បង្ក្រាប​គាត់​ឡើយ ។ គាត់​បន្ត​ថា កន្លង​មក​ក៏​ធ្លាប់​មាន​នគរបាល​មូលដ្ឋាន​ចុះ​មក​អប់រំ​ណែនាំ​ផង​ដែរ ប៉ុន្តែ​បើ​គាត់​ឈប់​រកស៊ី​របរ​នេះ មិនដឹង​ថា គាត់​ត្រូវ​ទៅ​ធ្វើ​អ្វី​ទៀត​នោះ​ទេ បើ​គាត់​ចំណាស់​នេះ​ទៅ​ហើយ ។ ស្ត្រី​ជា​មេ​កន្ទុយលេខ​ដដែល​ឱ្យ​ដឹង​ទៀត​ថា គាត់​កត់​ឆ្នោត​រាល់​ថ្ងៃនេះ គឺ​កត់​ឱ្យ​មេ​ធំ​នៅ​ពីលើ​នោះ​ទេ ដោយ​ក្នុង​មួយ​ថ្ងៃជា​អតិបរិមា គាត់​កត់​បាន​ជាង​១​លាន​រៀល ហើយ​ក្នុង​ជាង​១​លាន​នោះ គាត់​ទទួល​បាន​ជាង​៦​ម៉ឺន ទៅ​៧​ម៉ឺន​រៀល ទុក​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ អាជ្ញាធរ​បាន​ធ្វើការ​ដកហូត​ម៉ាស៊ីន​គិត​លេខ​៣​គ្រឿង​, ទូរស័ព្ទ​ដៃ​២​គ្រឿង​, កៅស៊ូ​១​ស្បោង​ធំ​, ក្រដាស​ដាន​,  ក្រដាស​កត់​ឆ្នោត រួម​ទាំង​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។

ទោះជា​យ៉ាងណា បច្ចុប្បន្ន​ស្ត្រី​អ្នក​កត់​ឆ្នោត និង​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕