ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់គុកម្តងជាពីរដងរួចមកហើយពីរឿងក្លាហានខាងវាយតប់កាប់ចាក់បង្កឲ្យអ្នកដទៃរងរបួស ក្រោយចេញពីគុកមិនបានប៉ុន្មានផង លើកនេះបែរជាមានបំណងប៉ងសម្លាប់ម្តាយ និងបងប្អូនដើម្បីយកទ្រព្យសម្បត្តិ ហើយត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណចាប់បញ្ជូនចូលគុកវិញ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក ប៊ុន តុល នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួនឈ្មោះ ព្រឹម សាវ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកើតហេតុ ។ ជននេះសមត្ថកិច្ចធ្លាប់បានចាប់បញ្ជូនទៅសាលាដំបូងខេត្តវិនិច្ឆ័យទោសចំនួន២ដងហើយពីបទបង្ករបួសស្នាមលើអ្នកដទៃ តែនៅមិនរាងចាល ម្យ៉ាងជននេះគឺជាមនុស្សញៀនថ្នាំ និងស្រាទៀតផង ។
លោកអនុសេនីយ៍ឯក ប៊ុន តុល បន្តទៀតថា នៅថ្ងៃកើតហេតុ ជននេះបានផឹកស្រាស្រវឹងយកកាំបិតប៉័ងតោ និងស្នាតេះ ដើររកបាញ់សម្លាប់ម្តាយ និងបងប្អូន ។ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យរួមទាំងដកហូតបានវត្ថុតាងកាំបិតប៉័ងតោ, ស្នាតេះ និងគ្រាប់ព្រួញ២ផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេប៉ងសម្លាប់ម្តាយឈ្មោះ សាយ សាវ៉ាត់ អាយុ៥៨ឆ្នាំ និងបងប្អូន ក៏ព្រោះតែគេចង់បានកេរមរតកតែម្នាក់ឯង ។
លោកនាយផ្នែកក៏បានបញ្ជាក់ផងដែរ ជនសង្ស័យឈ្មោះ ព្រឹម សាវ៉ាត ត្រូវបានកម្លាំងជំនាញរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ