ខេត្តត្បូងឃ្មុំ ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់បានចល័តពីកន្លែងមួយទៅកន្លែងមួយដោយលួចលាក់ទោះនៅក្នុងចំការកៅស៊ូកន្លែងស្ងាត់យ៉ាងណាក្តីក៏ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានឆ្មក់បង្ក្រាបបានកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២០ កញ្ញា ២០១៥ ត្រង់ចំណុចគីឡូចែក ស្ថិតក្នុងភូមិឆ្លូង៣ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយដកហូតបានម៉ូតូ១៥គ្រឿង អាគកងាប់២ក្បាល ព្រមទាំងសម្ភារមួយចំនួនទៀត ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែង ។
អធិការនគបាលស្រុកមេមត់ លោកវរសេនីយ៍ត្រី ហុង គឹមហឿន ប្រាប់ឲ្យដឹងថា ទីតាំងលេងល្បែងបញ្ជល់មាន់ខាងលើគឺបានលេងជាច្រើនខែមកហើយ ដោយក្រុមអ្នកញៀនល្បែងនេះបានចល័តពីកន្លែងមួយទៅកន្លែងមួយដើម្បីគេចពីខ្សែភ្នែករបស់សមត្ថកិច្ចមូលដ្ឋាន ។ លោកបន្តថា ក្រោយពីបានទទួលការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ឲ្យមានវិធានការចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពបង្កើតនាំឲ្យមានបទល្មើសនានា និងអំពើហិង្សាក្នុងគ្រួសារជាដើម ។ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យរូបលោកដឹងថា នៅត្រង់ចំណុចគីឡូចែក ក្នុងភូមិឆ្លូង៣ បានបើកសង្វៀនបញ្ជល់មាន់ដោយខុសច្បាប់ ក្នុងពេលដែលលេងបញ្ជល់មាន់១គូៗតែងតែឮសូរសំឡេងហ៊ោកញ្ជ្រៀវអឹងកក ។
លោកអធិការនគរបាលស្រុកមេមត់បានឱ្យដឹងទៀតថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំងនោះគឺឆ្លាត បានចល័តលេងពីកន្លែងមួយទៅកន្លែងមួយដោយបានបាត់ដាន២សប្តាហ៍មិនឃើញលេងទេ លុះនៅព្រឹកថ្ងៃទី២០ កញ្ញា ស្របពេលដែលកំពុងតែលេងនោះ កម្លាំងប្រចាំទិសនៅស្រុកមេមត់ ដែលបានដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ុន មាគ៌ា ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ បានត្រៀមកម្លាំងចុះទៅជាបន្ទាន់ ដើម្បីបង្ក្រាបល្បែងស៊ីសងនេះ ក្រុមអ្នកញៀនល្បែងទាំងនោះពេលដែលឃើញកម្លាំងសមត្ថកិច្ចទៅពីចំងាយប្រញាប់នាំគ្នារត់គេចខ្លួនបាត់អស់ ។
លោកវរសេនីយ៍ត្រី ហុង គឹមហឿន បញ្ជាក់ថា មាន់គក២ក្បាលងាប់ដោយជល់ចាញ់នោះត្រូវបានរឹបអូស ហើយសង្វៀនបញ្ជល់មាន់ត្រូវបានរុះរើរួចបានដុតកំទេចចោល ថែមទាំងបានហៅម្ចាស់ផ្ទះម្នាក់មកធ្វើកិច្ចសន្យាអប់រំមិនអនុញ្ញាតឲ្យបើកលេងជាបន្តទៀត បើពុំនោះទេនឹងចាត់វិធានការតាមច្បាប់ ចំណែកម៉ូតូ១៥គ្រឿងត្រូវបានដឹកយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីឲ្យម្ចាស់ម៉ូតូនីមួយៗចេញមុខមកទទួលខុសត្រូវ និងផាកពិន័យទៅតាមច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាអប់រំថែមទៀត ៕
ចែករំលែកព័តមាននេះ