រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងឃាត់ខ្លួនកាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅកន្លែងអ៊ីនធើណេត៨៨ ចំណុចផ្ទះលេខ១៤០បេ ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយពីបានធ្វើសកម្មភាពឆបោកម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានរយៈពេល៣ថ្ងៃ រួចរត់គេចខ្លួនបាត់ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦អា ផ្លូវ១៦២ ក្រុម១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌឹម វណ្ណី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជនសង្ស័យបោកយកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-8018 យកទៅលក់បាត់ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ជនសង្ស័យបានជួលជនរងគ្រោះ ជាម្ចាស់ម៉ូតូក្នុងតម្លៃ២០ដុល្លារអាមេរិកឱ្យឌុបពីបឹងសាឡាងទៅមើលដីនៅថ្មគោល ក្នុងសង្កាត់ចោមចៅ ហើយជូនទៅដកលុយនៅធនាគារអេស៊ីលីដា បន្ទាប់មកជនសង្ស័យបានសុំជនរងគ្រោះឌុបមករកទិញខោអាវនៅផ្សារបឹងកេងកង(ជនសង្ស័យជាអ្នកឌុប) លុះមកដល់ផ្សារចូលទិញខោអាវជនសង្ស័យបានយកកូនសោរ និងសំបុត្រក្លែងក្លាយឱ្យជនរងគ្រោះ ដោយឱ្យជនរងគ្រោះនៅចាំក្នុងផ្សារ រួចជនសង្ស័យបានដើរមកក្រៅយកម៉ូតូជិៈគេចខ្លួនបាត់ ។ ស្រាប់តែល្ងាចថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះឃើញជនសង្ស័យនៅក្នុងហាងអ៊ីនធើណេតក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនតែម្តង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលបឹងកេងកង១ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំកាមនដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ