រាជធានីភ្នំពេញ ៖ មន្ត្រីអាវុធហត្ថម្នាក់បានរងរបួសធ្ងន់ដោយសារមិត្តភក្តិយកកាំភ្លើង M16 ជន្លលេងក៏រាលកៃចំត្រគាកស្តាំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីយប់ នៅចំណុចជិតវិមានឯករាជ្យ មុខវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា ជនរងគ្រោះដោយការផ្ទុះអាវុធនេះឈ្មោះ ពេជ្រ ធារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានដឹកយកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកបុរសដែលបង្កការផ្ទុះអាវុធនេះឈ្មោះ ជី ម៉ូដែល ភេទប្រុស អាយុ២៤ឆ្នាំ (ប្រាប់សមត្ថកិច្ចថាមុខរបរលក់ដូរ) រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះរថយន្តម៉ាកតាកូម៉ា ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ត្រូវសមត្ថកិច្ចអាវុធហត្ថឡោមព័ទ្ធចាប់ខ្លួនភ្លាមៗបន្ទាប់ពីផ្ទុះអាវុធហើយ ៕
ចែករំលែកព័តមាននេះ