ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​រង់ចាំ​ភ្ញៀវ​ទេសចរ​​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​មិន​ទាន់​ដាក់​សម្ពោធ​​ជាផ្លូវការ​ក៏​​បាក់​​ធ្លាក់​​ទាំង​ផ្ទាំងៗ​

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ អគារ​ដែល​មាន​រចនា​ប័ទ្ម​ក្បាច់​ខ្មែរ​មើលទៅ​គួរ​ជាទី​ចាប់​អារម្ម​ណ៍​នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ត្រពាំង​ក្រៀល ​ដែល​​បាន​​សាងសង់​រួចរាល់​ជាង​១​ឆ្នាំហើយ​ តែ​នៅ​មិន​ទាន់​អនុ​ញ្ញា​ឲ្យ​ប្រើប្រាស់ សំណង់​​នោះ​ត្រូវ​បាន​បាក់​ស្រុត​ធ្លាក់​ដល់​​មក​ដី​ទាំង​ផ្ទាំង​ៗ

ខេត្តស្ទឹងត្រែង ​៖ អគារ​ដែល​មាន​រចនា​ប័ទ្ម​ក្បាច់​ខ្មែរ​មើលទៅ​គួរ​ជាទី​ចាប់​អារម្ម​ណ៍​នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ត្រពាំង​ក្រៀល ​ដែល​​បាន​​សាងសង់​រួចរាល់​ជាង​១​ឆ្នាំហើយ​ តែ​នៅ​មិន​ទាន់​អនុ​ញ្ញា​ឲ្យ​ប្រើប្រាស់ សំណង់​​នោះ​ត្រូវ​បាន​បាក់​ស្រុត​ធ្លាក់​ដល់​​មក​ដី​ទាំង​ផ្ទាំង​ៗ ​ដែលគេ​​អាច​សន្និដ្ឋាន​បាន​ថា​ ជា​សំណង់​អត់​គុណភាព ​។

​សំណង់​​​អគារ​ខាង​លើ ​ត្រូវ​បាន​សាងសង់​ឡើង​​​ដោយ​​ក្រសួងមហាផ្ទៃ​ និង​ដាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជា​អ្នកម៉ៅការ​សាងសង់​ ។​ សំណង់​​មួយ​នេះ បាន​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ​ ទម្រាំ​​តែ​ធ្វើ​រួច តែ​នៅ​មិន​ទាន់​បាន​ប្រើប្រាស់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​​នៅឡើយ​ទេ ​​បច្ចុប្បន្ន​សំណង់​​នោះ​កំពុង​រង​ការ​បាក់​ស្រុត​នៅ​មិន​ទាន់​បាន​ជួសជុល​នៅឡើយ ​។

​លោក កុ​ល សំ​អុល អភិបាល​​ខេត្ត​ បាន​បញ្ជា​​​ជំរុញ​​ឲ្យ​ក្រុមហ៊ុន​ទទួល​ការ​សាងសង់​ ត្រូវ​ទទួលខុសត្រូវ​សាងសង់​ឡើង​វិញ​ ខណៈ​សំណង់​​នេះ​នឹង​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៦​ ខាង​មុខ​នេះ ​។

លោក​អភិបាលខេត្ត​ បន្ត​ថា​ យន្តការ​នេះ​ ផ្នែក​នាយក​រដ្ឋបាល​ត្រូវ​​​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដែល​បាន​សាងសង់​អគារ​នេះ​ដើម្បី​មក​ពិនិត្យ​​​សំណង់​របស់​ខ្លួន​ឡើង​វិញ ហើយ​​​ត្រូវ​រៀបចំ​បំពាក់​សម្ភារបម្រើ​ឲ្យ​វិស័យ​ទេសចរ​ណ៍​ឲ្យ​មានគុណ​ភាពល្អ​​មុននឹង​​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នោះ​ ។​   

លោក ចៅ មុន្នី​រ៉ា នាយក​រដ្ឋបាល​សាលាខេត្ត ​បាន​ទទួលស្គាល់​ថា​ តាម​ការ​ពិនិត្យ​ជាក់ស្តែង​អគារ​នេះ​​​បាន​​បាក់បែក​ផ្នែក​​មួយ​ចំនួន​គួរ​ឲ្យ​ព្រួយបារម្ភ​មែន ហើយ​សមិទ្ធផល​ថ្មី​នេះ​ ក្រសួងមហាផ្ទៃ​ជា​អ្នក​ទទួលខុសត្រូវ ​ដូចនេះ​ការ​ជួសជុល​ឡើង​វិញ​ពិតជា​មាន​ភាព​ងាយស្រួល ​ពីព្រោះ​សាលា​ខេត្តស្ទឹងត្រែង​មិន​ទាន់​បាន​ទទួលយក​ជា​​ផ្លូវការ​ទេ​គ្រាន់តែ​មាន​ភារកិច្ច​ត្រួតពិនិត្យ​ជា​ជំ​ហាន​ដំបូង​​​ប៉ុណ្ណោះ​ ។

​លោកនាយក​រដ្ឋបាល​ បាន​អះអាង​ថា ​សាលាខេត្ត​នឹង​ធ្វើ​របាយ​ការ​ណ៏​ស្តី​ពី​ការ​ខូចខាត​ជូន​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ជូន​ជ្រាប​ជា​ព័ត៌មាន ​ហើយ​ការ​​សម្រួល​យ៉ាងណា​នោះ​ ​​ជា​មជ្ឈការ​របស់​ក្រសួងមហាផ្ទៃ​ ។

សូម​បញ្ជាក់​ថា​ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ ​​រថយន្ត​ទេសចរណ៍​​​ ​ភាគច្រើន ច្រើន​តែ​ទុក​ភ្ញៀវ​ចោល​ឲ្យ​រង់​​ចាំ​រថយន្ត​ផ្ទេរ​ ដែល​​ធ្វើ​ឲ្យ​ភ្ញៀវ​ខ្លះ​​ជួប​ការ​លំបាក​ និង​ធុញទ្រាន់​​យ៉ាង​ខ្លាំង ហើយ​អគារ​រង់ចាំ​​ដែល​សាងសង់​រួច​ជាង​១​ឆ្នាំ​ហើយ​ នៅ​មិន​ទាន់​បាន​ប្រើប្រាស់​​នៅឡើយ ៕