ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកឡិចស៊ីស RX 300 មួយគ្រឿងបានក្រឡាប់ធ្លាក់ចេញពីថ្នល់ជាតិ បន្ទាប់ពីព្យាយាមគេចម៉ូតូមួយគ្រឿងក្នុងដំណើរច្រាស់ទិសគ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ លើកំណាត់ផ្លូវលេខ៥៣ នៅចំណុចភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ។ ទោះយ៉ាងណាអ្នកជិៈក្នុងរថយន្តពុំមាននរណារងរបួសទេ ។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍បាននិយាយឱ្យដឹងថា មិនស្គាល់អត្តសញ្ញាណគ្រួសាររងគ្រោះទេ គ្រាន់តែដឹងថា ជាអ្នកនៅរាជធានីភ្នំពេញ មកពីកំសាន្តទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងព្រុំប្រទល់ខេត្តកំពង់ឆ្នាំង និងពោធិសាត់ ។
មុនពេលកើតហេតុ រថយន្តខាងលើម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-1182 បើកបរក្នុងដំណើរពីលិចមកកើត លើផ្លូវក្រាលគ្រួសក្រហម លុះមកដល់ចំណុចកើតហេតុ គាប់ជួនមានភ្លៀងបណ្តាលឱ្យផ្លូវរអិលផង និងពេលនោះអ្នកបើកបររថយន្តបានវ៉ាក់នឹងម៉ូតូមួយគ្រឿង ដែលមកពីមុខក៏ព្យាយាមគេចបណ្តាលឱ្យរអិលធ្លាក់ចុះពីថ្នល់ចុះក្រោមតែម្តង សំណាងល្អអ្នកជិៈក្នុងរថយន្តមានគ្នា៦នាក់មានក្មេងចាស់ប្រុសស្រីមិនមានរងរបួសនោះទេ ។
រថយន្តខាងលើត្រូវបានម្ចាស់យកមករក្សាទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជិតថ្នល់ជាតិ ដើម្បីរង់ចាំរករថយន្តមកស្ទួចទៅជួសជុលនៅភ្នំពេញ ចំណែកគ្រួសាររងគ្រោះក្នុងរថយន្តទាំងអស់បានឡើងរថយន្តក្រុងត្រឡប់ទៅលំនៅដ្ឋានឯភ្នំពេញវិញ ៕
ចែករំលែកព័តមាននេះ