ខេត្តសៀមរាប ៖ ព្រះពុទ្ធបដិមា២អង្គ ស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើអំពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គររបស់អាជ្ញាធរជាតិអប្សរាប្រទះឃើញកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅក្រោយព្រះអង្គធំ លើខ្នងភ្នំគូលែន ក្នុងខណៈពេលដែលចុះពិនិត្យចម្លាក់ស្នាមព្រះបាទ ។ ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ១អង្គមានកម្ពស់២៧សង់ទីម៉ែត្រ ទទឹង១៩សង់ទីម៉ែត្រ និង១អង្គទៀតមានកម្ពស់៣០សង់ទីម៉ែត្រ ទទឹង១៦សង់ទីម៉ែត្រ ។
លោក ហែម ម៉ៃ បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ដែលបានប្រទះឃើញព្រះពុទ្ធបដិមានេះបានរៀបរាប់ថា នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ គឺក្នុងពេលដែលលោកកំពុងបំពេញការងារនៅលើភ្នំគូលែន លោកតាអាចារ្យមួយរូបបានមកប្រាប់លោកថា មានក្មេងៗដែលដើរបាញ់សត្វបានប្រទះឃើញរូបស្នាមព្រះបាទនៅផ្ទាំងថ្មធំខាងក្រោយព្រះអង្គធំ លើខ្នងភ្នំគូលែនប្រហែល១៥០ម៉ែត្រ ។ លុះពេលព្រឹកឡើងថ្ងៃទី២៥ ខែសីហា ដោយចង់ពិនិត្យឃើញឱ្យបានច្បាស់ ថាតើជាស្នាមព្រះបាទមែន ឬក៏អត់ លោកក៏បាននាំក្រុមការងារទៅពិនិត្យមើលជាក់ស្តែង ដោយឱ្យក្មេងៗដែលបានស្គាល់កន្លែងនោះជាអ្នកនាំផ្លូវ ។
នៅពេលទៅដល់ ក៏បានប្រទះឃើញស្នាមព្រះបាទនោះមែន ស្នាមចម្លាក់ព្រះបាទនោះស្ថិតក្នុងរូបភាពមិនទាន់ឆ្លាក់រួចរាល់នោះទេនៅលើផ្ទាំងថ្មដ៏ធំមួយ ។ ស្នាមចម្លាក់ព្រះបាទនេះមានបណ្តោយ២,៥ម៉ែត្រ ទទឹង១,៣ម៉ែត្រ និងមានជម្រៅដល់ទៅ២,៨៥ម៉ែត្រ ។
លោកបានរៀបរាប់បន្តថា ដោយសារតែមានដើមឈើដុះពីលើ និងមានស្លឹកឈើជ្រុះកប់ច្រើន ហើយមានទឹកដក់ជ្រៅទៀតនោះ លោកក៏បានឱ្យក្មេងៗជួយបាចទឹកចេញ និងបោចឫសឈើសម្អាត ក៏បានប្រទះឃើញព្រះពុទ្ធបដិមា២អង្គទៀតនៅទីនោះ រួចក៏យកមករក្សាទុកនៅនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គររបស់លោកសិន ។
លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានបញ្ជាក់ប្រាប់ថា នៅពេលនេះព្រះពុទ្ធបដិមាទាំង២អង្គត្រូវបានរក្សាទុកក្នុងនាយកដ្ឋានរបស់លោកនៅឡើយ ដោយរង់ចាំក្រុមជំនាញបុរាណវិទ្យាធ្វើការសិក្សាវិភាគ ដើម្បីកំណត់អត្តសញ្ញាណ និងអាយុកាល នៃព្រះពុទ្ធបដិមានេះ ។ លោកបញ្ជាក់ទៀតថា នៅពេលនេះក្រុមអ្នកជំនាញមិនទាន់ហ៊ានអះអាងច្បាស់លាស់នៅឡើយទេថា តើព្រះពុទ្ធបដិមាទាំង២អង្គនេះកសាងនៅក្នុងសម័យ ឬឆ្នាំណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ