ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង11និង25នាទីព្រឹក ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2021 នៅលើកំណាត់ផ្លូវលេខ 153 B ចន្លោះគីឡូម៉ែត្រលេខ 35 និង36 ស្ថិតក្នុងភូមិសាស្ត្រភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខណៈពេលដែលជនរងគ្រោះជិះម៉ូតូបុកជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉ក ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកទឹកផុស បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នង ផន អាយុ56ឆ្នាំ មានទីលំនៅភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1J. 48 39 ក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដែលបើកបរដោយឈ្មោះសុខ ជា អាយុ22ឆ្នាំ មានទីលំនៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ បណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានចុះទៅធ្វើការវាស់វែង និងបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក មធ្យោបាយធ្វើដំណើរមានរ៉ឺម៉កម៉ូតូ និងម៉ូតូមួយគ្រឿងទៀតដែលជារបស់ជនរងគ្រោះ ត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕


ចែករំលែកព័តមាននេះ