រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមកពីផឹកកាហ្វេ ត្រូវម៉ូតូដឹកមាន់បុកពេញទំហឹងបណ្តាលឱ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា នៅចំណុចស្តុបវិទ្យាស្ថានសុខភាពជាតិសាធារណៈ កែងផ្លូវលេខ៦៣៣និងលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ែ សារុំ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៣E0 ផ្លូវលេខ៥៦៦ សង្កាត់បឹងកកក់ទី១ ខណ្ឌទួលគោក ចំណែកបុរសជិះម៉ូតូដឹកមាន់ បន្ទាប់ពីកើេតហេតុបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូ និងមាន់បោចរួចរាយប៉ាយពេញថ្នល់ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើេតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្មាស ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខស្ទឹងត្រែង 1A-0363 ធ្វើដំណើរនៅលើផ្លូវលេខ៥៦៦ ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខ1CK-4271 ដឹកមាន់ ធ្វើដំណើរយ៉ាងលឿនពីជើងទៅត្បូងបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះខ្ទាតចម្ងាយប្រមាណ១០ម៉ែត្របាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តនាគវន្ត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ