រាជធានីភ្នំពេញ ៖ បរិយាកាសគួរឱ្យសង្វេគបំផុតដែលកម្រនឹងកើតមាននោះ គឺសំឡេងស្មូត ត្រូវបានបន្លឺឡើងទ្រហឹងក្នុងភូមិព្រៃសខាងលិចនិងខាងកើត ស្ថិតនៅជាប់ៗគ្នា គ្រួសារខ្លះមានសពតម្កល់២នាក់ ខ្លះ៣នាក់ នោះ គឺជាជនរងគ្រោះនៅក្នុងឧប្បត្តិហេតុក្រឡាប់រថយន្តក្រុងបើកធ្លាក់ផ្លូវនៅជើងភ្នំដងរែក កាលពីថ្ងៃទី១៣ សីហា ។ គិតរហូតមកដល់ថ្ងៃទី១៤ សីហា មានអ្នកស្លាប់រហូតដល់ទៅចំនួន១៦នាក់ និងអ្នករងរបួសទាំងចាស់ទាំងក្មេងចំនួន២២នាក់។ នេះបើតាមការឱ្យដឹងពីសំណាក់លោកនាយបុ៉ស្តិ៍រដ្ឋបាលព្រៃស ខណ្ឌដង្កោ ។
លោកនាយប៉ុស្តិ៍បន្តថា ជនរងគ្រោះដែលស្លាប់១៤នាក់ និងរបួសទាំង២២នាក់ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រៃសតែម្តង ។ ដោយឡែកអ្នកស្លាប់២នាក់ទៀតរស់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នឹងត្រូវបានដឹកពីកន្លែងកើតហេតុមកកាន់លំនៅឋានតាមរថយន្តយោធាចំនួន២គ្រឿង ក្នុង១គ្រឿងដឹកសពចំនួន៨នាក់ និងបានមកដល់នៅវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ សីហា ។
លោកនាយប៉ុស្តិ៍ថា ពេលដឹកមកដល់នោះមិនបាននាំចូលផ្ទះភ្លាមៗទេ គឺបាននាំទៅកាន់វត្តព្រះធម្មត្រ័យ ដោយនិមន្តព្រះសង្ឃ និងលោកតាអាចារ្យដើម្បីធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនារួចរាល់មួយជំហាន បន្ទាប់មកទើបនាំសពទៅតាមផ្ទះរៀបចំធ្វើបុណ្យរៀងៗខ្លួន ។
លោក អ៊ុល សំអុល បន្តថា ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់គួរឱ្យរន្ធត់នេះមាន ៖
១-ឈ្មោះ មុំ សុខ ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិគោកបន្ទាយ ។
២-ឈ្មោះ ចិន សំអុល ភេទស្រី អាយុ៦៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃសខាងលិច ។
៣-ឈ្មោះ ប៉ែន សុខលីន ភេទស្រី អាយុ៣៩ឆ្នាំ ។
៤-ឈ្មោះ ប៉ែន សំអាន ភេទស្រី អាយុ៦២ឆ្នាំ ។
៥-ឈ្មោះ ហ៊ី គឹមហួយ ហៅ ជា ម៉េង ភេទស្រី អាយុ៨ឆ្នាំ ទាំង៣នាក់នេះត្រូវជាបងប្អូនបង្កើត ជាជីដូន និងចៅស្រី មានទីលំនៅក្នុងភូមិព្រៃសខាងលិច ។
៦-ឈ្មោះ អេង សំអាត ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃសខាងលិច ។
៧-ឈ្មោះ សេក សុវណ្ណ ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃខាងលិច ។
៨-ឈ្មោះ ឡុង សុខ ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃទីទុយ ។
៩-ឈ្មោះ ហម អៀក ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃទីទុយ ។
១០-ឈ្មោះ គឹម សំអាត ភេទប្រុស អាយុ៦៤ឆ្នាំ ។
១១-ឈ្មោះ ឈុំ សំអាត ភេទស្រី អាយុ៦១ឆ្នាំ ទាំង២នាក់គឺជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅក្នុងភូមិព្រៃសខាងកើត ។
១២-ឈ្មោះ ជឹម ឡន ភេទស្រី អាយុ៦២ឆ្នាំ ។
១៣-ឈ្មោះ បាន ធា ភេទស្រី អាយុ៤៦ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
១៤-ឈ្មោះ ផែង កូលាប ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃសខាងកើត ។
១៥-ឈ្មោះ ជួន សេម ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ។
១៦-ឈ្មោះ សុត សុផាត ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃសខាងលិច ។
ចំណែកអ្នករងរបួស២២នាក់ ក្នុងនោះមាន២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ហើយនៅមិនទាន់ដឹងថា នៅពេលខាងមុខៗទៀតនឹងមានអ្នកស្លាប់ថែមប៉ុន្មាននាក់ឡើយ ព្រោះការរងរបួសនោះធ្ងន់ភាគច្រើន ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ សីហា នៅក្នុងភូមិព្រៃសខាងលិច និងខាងកើត ភូមិព្រៃទីទុយ និងភូមិគោកបន្ទាយ ទាំង៤ភូមិនេះ មានពិធីបុណ្យសពគួរឱ្យសង្វេគខ្លាំងណាស់ ដោយសំឡេងមេក្រូត្រូវបានចាក់លាន់ឮយ៉ាងទ្រហឹងអឺងកង ព្រោះភូមិទាំងនោះស្ថិតនៅជាប់ៗគ្នា ។ ចំណែកជនរងគ្រោះដែលស្លាប់ ក៏មានផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានដែរ ។
សាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះនិយាយថា មុនពេលចេញដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីប្រគេនទៀនវស្សាដល់ព្រះសង្ឃនៅទីនោះ គេបាននិមន្តព្រះសង្ឃមកសូត្រធម៌ប្រោះព្រំទឹកមន្តរថយន្តក្រុងយ៉ាងត្រឹមត្រូវ ដើម្បីសុំសេចក្តីសុខតាមផ្លូវ មិននឹកស្មានថា ជួបនឹងគ្រោះអកុសលគួរឱ្យរន្ធត់បែបនេះឡើយ ។ ប៉ុន្តែម្នាក់ៗក៏មានការព្រួយបារម្ភផងដែរ ដោយសារតែឃើញអ្នកបើកបររថយន្តក្មេងពេក ហើយមុននឹងចេញដំណើរ អ្នកបើកបររូបនោះក៏ទទួលរងនូវការស្តីបន្ទោសខ្លះៗពីសំណាក់អ្នកដំណើរដែលជាជនរងគ្រោះដែរ ព្រោះតែការណាត់គ្នាចេញដំណើរនៅវេលាម៉ោង៤ទៀបភ្លឺ ប៉ុន្តែអ្នកបើកបររថយន្តបានមកដល់ពេលភ្លឺ ទើបចេញដំណើរធ្វើឱ្យយឺតយ៉ាវ ។ ម្យ៉ាងទៀតគម្រោងការនេះមិនមែនតម្រូវយកអ្នកបើកបរវ័យក្មេង និងមិនសូវស្គាល់ភូមិសាស្ត្របែបនេះទេ គឺបានជួលរថយន្តដែលមានអ្នកបើកបរវ័យចំណាស់ធ្លាប់ស្គាល់ភូមិសាស្ត្រត្រឹមត្រូវដោយនិយាយគ្នារួចហើយ ។ ប៉ុន្តែដោយសាររថយន្តនោះយកថ្លៃឈ្នួលរហូតដល់ទៅជាង៥០០ដុល្លារទើបគ្មានលទ្ធភាព ហើយបែរជាមកជួលរថយន្តដែលជួបគ្រោះថ្នាក់នេះវិញ ។
អាជ្ញាធរឱ្យដឹងថា តាមព័ត៌មានដែលទទួលបានពីកន្លែងកើតហេតុ គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនពេក ហើយអ្នកបើកបរមិនស្គាល់ពីភូមិសាស្ត្រច្បាស់លាស់ និងស្ថានភាពផ្លូវឡើងចុះ ឬផ្លូវកោង ទើបបង្កឱ្យធ្លាក់ផ្លូវជួបគ្រោះថ្នាក់បែបនេះ ។ មិនតែប៉ុណ្ណោះ នៅត្រង់ចំណុចនោះធ្លាប់មានគ្រោះថ្នាក់ក្រឡាប់រថយន្តពី៧ ទៅ៨ដងមកហើយដែរ ។
លោក នុត ពុធដារ៉ា ចូលរួមរំលែកទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់គ្រួសារដែលមានអ្នកទទួលមរណភាពក្រោយពីបានទទួលការចាត់ចែងពីសំណាក់លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ សីហា លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌ បានដឹកនាំមន្ត្រីគណបក្សខណ្ឌ សង្កាត់ និងយុវជនទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពទាំង១៤នាក់នៅក្នុងសង្កាត់ព្រៃស ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នេះ ។
លោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះគ្រួសារសពទាំងអស់ និងបានផ្តាំផ្ញើនូវការចូលរួមរំលែកទុក្ខពីសំណាក់លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ ចំពោះសាច់ញាតិ និងក្រុមគ្រួសារនៃសព ។
បន្ទាប់មកលោកបាននាំយកថវិកាចូលរួមបុណ្យសពក្នុងមួយគ្រួសារ៣០ម៉ឺនរៀល។ ដោយឡែកលោក កែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោបានឧបត្ថម្ភជូនគ្រួសារសពក្នុងមួយគ្រួសារ២០ម៉ឺនរៀល និងគណបក្សប្រជាជនសង្កាត់ព្រៃសជូនដល់គ្រួសារសពក្នុងមួយគ្រួសារ១០ម៉ឺនរៀល ។ រីឯសប្បុរសជននានាក៏បានឧបត្ថម្ភតាមរយៈលោកចំនួន៨ម៉ឺនរៀលក្នុង១គ្រួសារជូនដល់ក្រុមគ្រួសារសពទាំង១៤នាក់ផងដែរ ។
អ្នករបួស៩នាក់ក្នុងចំណោម២១នាក់កំពុងទទួលការសង្គ្រោះបន្ទាន់នៅសៀមរាប
ខេត្តសៀមរាប ៖ តាមការបញ្ជាក់ពីសំណាក់ឱសថការីឈ្មោះ លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៤ សីហា ឱ្យដឹងថា គ្រោះថ្នាក់ក្រឡាប់រថយន្តដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី១៣ សីហា នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចចំរាក់ទី១ ផ្លូវឡើងភ្នំដងរែក ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ រថយន្តក្រឡាប់នោះប្រភេទ៣៥កៅអី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ៣ C-4613 បើកបរដោយឈ្មោះ វណ្ណ ណាត ភេទប្រុស អាយុ២៨ឆ្នាំ ។ ចំណែកអ្នករងរបួសប្រុសស្រីក្មេងចាស់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមានចំនួន២១នាក់ បានដឹកចេញពីមន្ទីរពេទ្យស្រុកអន្លង់វែងមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការសង្គ្រោះជាបន្ទាន់ផងដែរ ។
លោកឱសថការី លឹម ហេង បញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង២១នាក់នោះ មាន៣នាក់ជាកុមារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ ចំណែក១៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងមានក្រុមគ្រួសារជាកូនចៅ បានបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្តចំនួន៤នាក់ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញទាំងយប់ ។
លោកបញ្ជាក់បន្ថែមទៀតថា រហូតមកដល់រសៀលថ្ងៃទី១៤ សីហា មន្ទីរពេទ្យបង្អែកខេត្តបានបញ្ជូនអ្នករបួសមួយចំនួនដែលមានស្ថានភាពធ្ងន់ធ្ងរទៅកាន់រាជធានីភ្នំពេញ និងមួយចំនួនទៀតត្រូវបានបងប្អូនក្រុមគ្រួសារមកទទួលយកទៅកាន់មន្ទីរពេទ្យផ្សេងៗតាមលទ្ធភាពរបស់ខ្លួន ។
បច្ចុប្បន្ន អ្នករបួសដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមកដល់ម៉ោងនេះនៅសល់តែ៩នាក់ប៉ុណ្ណោះដែលក្រុមគ្រូពេទ្យជំនាញកំពុងយកចិត្តទុកដាក់ព្យាបាលដើម្បីឆាប់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៤ សីហា មានក្រុមគ្រួសារមួយចំនួនបានមកសុំពីគ្រូពេទ្យដើម្បីយកទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ព្រោះនៅជិតផ្ទះរបស់ពួកគាត់៕
ចែករំលែកព័តមាននេះ