ខេត្តស្វាយរៀង ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់រវាងម៉ូតូ និងម៉ូតូបុកគ្នាលាន់ដូចរន្ទះកណ្តាលភ្លៀងរលឹម បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ បែកក្បាល បាក់ជើង បាក់ស្មា សន្លប់នៅនឹងកន្លែងគួរឲ្យសង្វេគ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៣ សីហា ២០១៥ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមមន្ត្រីនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រីង ឆាន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ រងរបួសបែកក្បាលធ្ងន់ធ្ងរ និងបាក់ស្មងជើងខាងឆ្វេង សន្លប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកជនបង្កឈ្មោះ ស៊ុក រតនពិសេស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ វិទ្យាល័យស្វាយរៀង មានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងរបួស ពកក្បាល បាក់ស្មាខាងស្តាំ សន្លប់នៅនឹងកន្លែងកើតហេតុដូចគ្នា ។
ប្រភពបន្តទៀតថា បើតាមអ្នកបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសឈ្មោះ ព្រីង ឆាន ជិះម៉ូតូម៉ាកហុងដា សេ១០០ ពណ៌ព្រីងទុំ អត់ស្លាកលេខ បើកបរពីទិសខាងជើងទៅត្បូងយឺតៗ ឆ្លងផ្លូវបំបែកជាបួន ជិតផុតទៅហើយ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ បើកបរយ៉ាងលឿនពីទិសខាងលិចទៅកើត ក៏បុកម៉ូតូបុរសរងគ្រោះចំពាក់កណ្តាលពេញទំហឹងលាន់ដូចរន្ទះអូសចម្ងាយ៤ម៉ែត្រ ដួលបោកទៅលើខឿនចញ្ចើមថ្នល់ បណ្តាលឲ្យឈ្មោះ ព្រីង ឆាន បែកក្បាលធ្ងន់ធ្ងរ និងបាក់ស្មងជើងខាងឆ្វេង ប្រកាច់មួល សន្លប់នៅនឹងកន្លែង ហើយនេះសំណាងល្អមានពាក់មួកសុវត្តិភាព កុំអីមិនដឹងវាសនាយ៉ាងណាឡើយ រីឯជនបង្កខ្ទាតចេញពីម៉ូតូបុកស្មាទៅនឹងចិញ្ចើមថ្នល់ បាក់ស្មាខាងស្តាំ និងបោកក្បាលទៅលើថ្នល់ពកក្បាលធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងគួរឲ្យសង្វេគ ។
បន្ទាប់មកសមត្ថកិច្ចហៅរថយន្តសាមុយដឹកជនរងគ្រោះទាំងពីរនាក់ទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ រីឯម៉ូតូទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ សមត្ថកិច្ចយកទៅរក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគបាលខេត្តស្វាយរៀងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ