រាជធានីភ្នំពេញ ៖ បើទោះជាកីឡាការិនី ស៊ន ដាវីន មានស្នាដៃរាប់មិនអស់ក្នុងការប្រកួតតេក្វាន់ដូកន្លងមក ក៏អ្វីដែលនាងទទួលបានមិនស្ថិតក្នុងការចាប់អារម្មណ៍របស់មហាជននោះទេ ចាប់តាំងពី ស៊ន សៀវម៉ី ប្អូនស្រីរបស់នាងបានតំណែងជាបុគ្គលឆ្នើមថ្នាក់ជាតិ តាមរយៈការឈ្នះមេដាយមាសពីកីឡាទ្វីបអាស៊ីកាលពីចុងឆ្នាំ២០១៤ ។ ទោះបីយ៉ាងណា ស្នាដៃទាំងនេះបន្ទាប់ពីលាតត្រដាងសាជាថ្មី ព្រមជាមួយនឹងលិខិតសុំលាឈប់ពីក្រុមជម្រើសជាតិរបស់នាង កំពុងក្លាយជាចំណុចទាក់ទាញ និងមានការកោតសរសើរពាសពេញបណ្ដាញហ្វេសប៊ុក ។
អ្នកលេងហ្វេសប៊ុកលើកឡើងពីស្នាដៃជាច្រើនដែលស៊ន ដាវីន សម្រេចបានចាប់តាំងពីនាងក្លាយខ្លួនជាកីឡាការិនីជម្រើសជាតិនៅក្នុងសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា។ នេះមិនមែនជាលើកទី១នោះទេ ដោយសារជីវប្រវត្តិរបស់នាងត្រូវគេលើកយកមកសរសើរ និងបង្ហាញពីស្នាដៃច្រើនដងមកហើយ ដោយគ្រាន់តែការលាតត្រដាងហាក់មិនត្រូវបរិបទដែលធ្វើឱ្យមហាជនយកចិត្តទុកដាក់។ ការលាតត្រដាងស្នាដៃរបស់នាងក្នុងរង្វង់ពីរបីថ្ងៃនេះ ត្រូវគេមើលឃើញថាខុសប្លែកពីពេលមុនៗ បន្ទាប់ពីនាងដាក់ជំហរមិនអាចបន្តអាជីពជាកីឡាការិនីជម្រើសជាតិបន្តទៀត ដោយសារតែហេតុផលមួយចំនួន ។ លិខិតសុំលាឈប់របស់នាង បានក្លាយជាប្រធានបទដ៏រសើបមួយនៅ
សប្ដាហ៍នេះ ក្នុងពេលដែល ស៊ន ដាវីន ត្រូវគេកត់សម្គាល់ថាមិនមានស្នាដៃ បើទោះជាបានចេញប្រកួតជាមួយប្អូនស្រីច្រើនដងក្នុងប៉ុន្មានលើកចុងក្រោយ ។ នាងបានដាក់លិខិតលាឈប់កាលពីថ្ងៃទី១ សីហា ដោយអះអាងថាលែងមានពេលទំនេរគ្រប់គ្រាន់ដើម្បីទៅធ្វើការហ្វឹកហាត់ឱ្យបានជាប់លាប់ដូចមុន ។ ការសុំលាឈប់នេះ ធ្វើឡើងបន្តបន្ទាប់គ្នានឹងប្រតិកម្មទៅកាន់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមិនបានរាប់ឈ្មោះបងប្រុសរបស់នាងគឺ ស៊ន អេលីត ថា បានដណ្ដើមមេដាយមាសពីការប្រកួតវ៉ូវីណាមពិភពលោកកាលពីឆ្នាំ២០១១នៅប្រទេសវៀតណាមមួយរូបដែរក្នុងពិធីប្រគល់រង្វាន់ឱ្យសែន រ៉ាឌី និង ម៉ាត់ ឆ្វេង ។
ការលើកឡើងនេះ ត្រូវគេដឹងស្របគ្នាក្នុងពេលដែលនាងក៏បានបង្ហាញភាពសកម្មក្នុងនាមជាគ្រូកីឡានៅក្នុងវិទ្យាល័យឫស្សីកែវ និងទើបបោះទុនជាមួយប្អូនស្រីសង់រោងបង្កើតក្លិបតេក្វាន់ដូដើម្បីបង្ហាត់សិស្សរកចំណូលជំនួស។ យ៉ាងណាក៏ដោយគេមើលឃើញថា លិខិតសុំលាឈប់របស់នាងគឺជាគំរូដែលកីឡាករជម្រើសជាតិទូទៅពិបាកធ្វើដូច ក្នុងពេលអ្នកខ្លះមានកិច្ចការងាររាប់មិនអស់នៅក្រៅសហព័ន្ធ ប៉ុន្តែនៅក្រាញតំណែងជម្រើសជាតិដើម្បីបានចេញប្រកួតយកមុខយកមាត់ ដោយសូម្បីតែខ្លួនឯងផ្ទាល់មិនមានពេលគ្រប់គ្រាន់ទៅហ្វឹកហាត់តិចពេលជាង ស៊ន ដាវីន នាពេលចុងក្រោយនោះផង ។ ការសុំលាឈប់របស់នាងជាការបង្ហាញនូវការលះបង់មួយខ្ពស់ បន្ទាប់ពីនាងចេញទៅប្រកួតប៉ុន្មានលើកចុងក្រោយមិនទទួលបានជោគជ័យ ហើយបានដាក់បន្ទុកថា នោះមកពីខ្លួនឯងរវល់ច្រើនមិនដូចមុន និងមិនមានពេលក្នុងការបំប៉នទាំងកម្លាំង និងសមត្ថភាពដើម្បីយកមេដាយជូនជាតិ ។ ការយល់ឃើញទាំងនេះ បានជួយឱ្យការសុំលាឈប់របស់ ស៊ន ដាវីន លេចធ្លោហើយក៏ជួយឱ្យស្នាដៃរបស់នាងត្រូវមហាជនទូទៅចាប់អារម្មណ៍ក្នុងប៉ុន្មានថ្ងៃនេះ ជាពិសេសនៅលើបណ្ដាញហ្វេសប៊ុកចាប់តាំងពីពាក្យសុំឈប់របស់នាងបែកធ្លាយ ។
ស្នាដៃដែលគេចាប់អារម្មណ៍ គឺនាងធ្លាប់បានមេដាយមាសកាលពីឆ្នាំ២០០៧ក្នុងព្រឹត្តិការណ៍ KOREAN OPEN នៅទីក្រុងសេអ៊ូល ។ បានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ដដែលក្នុងឆ្នាំ២០០៨ ។ បានមេដាយសំរឹទ្ធិក្នុងឆ្នាំ២០០៩ពីការប្រកួត ASEAN CHAMPIONSHIPS VIETNAM ។ បានមេដាយមាស១ និងប្រាក់១ កាលពីឆ្នាំ២០១០ ពីព្រឹត្តិការណ៍ KOREAN OPEN ។ បានមេដាយមាសពីការប្រកួតASEAN CHAMPIONSHIPSក្នុងឆ្នាំ២០១១។ បានមេដាយប្រាក់មួយពីការប្រកួតកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១១ដដែល ។ បានចំណាត់ថ្នាក់លេខ៤ ពីការប្រកួតជម្រុះអូឡាំពិកនៅប្រទេសថៃ ដើម្បីទទួលសិទ្ធិបានចេញទៅប្រកួតកីឡាអូឡាំពិកលើកទី៣០នៅទីក្រុងឡុងប្រទេសអង់គ្លេស និងបានទទួលមេដាយមាសចុងក្រោយកាលពីឆ្នាំ ២០១៣ ពីកីឡាស៊ីហ្គេម (SEA Games) នៅប្រទេសមីយ៉ាន់ម៉ា។ ស្នាដៃទាំងនេះធ្វើឱ្យគេភ្ញាក់ព្រឺតនៅពេលដែលនាងទើបខកខានបានមេដាយមិនដល់២ឆ្នាំផង ក៏សម្រេចចិត្តលាឈប់ដើម្បីឱ្យអ្នកក្រោយដែលមានសមត្ថភាពបន្តទៅប្រកួតយកមេដាយជំនួសខ្លួន ហើយមិនក្រាញតំណែង ។
ធៀបនឹងកីឡាករជម្រើសដទៃទៀត គេប្រដូចនាងជាអ្នកមានការទទួលខុសត្រូវម្នាក់បន្ទាប់ពីនាងសុខចិត្តបោះបង់កៅអីជាកីឡាការិនីជម្រើសជាតិ ដើម្បីឱ្យអ្នកជំនាន់ក្រោយមានឱកាស ។ នេះជាជំហរផ្ទុយស្រឡះពីកីឡាករ និងកីឡាការិនីជម្រើសជាតិជាច្រើនទៀតដែលសុខចិត្តក្រាញ បើទោះជាដឹងថាខ្លួនចេញទៅប្រកួតលើកណាក៏មិនបានមេដាយ និងហៅភាសាការទូតថា ទៅប្រកួតដើម្បីយកតែបទពិសោធន៍ ហើយមិនឈ្នះគ្រប់លើក ។ អ្នកកោតសរសើរ ស៊ន ដាវីន បានលើកឡើងថា នាងទើបតែចាញ់ការប្រកួតក្នុងមួយរយៈចុងក្រោយសោះបានសម្រេចចិត្តលាឈប់ ចុះហេតុអ្វីកីឡាករកីឡាការិនីជម្រើសជាតិផ្សេងទៀត ដែលអ្នកខ្លះមួយជីវិតសឹងមិនមានមេដាយមកពីក្រៅមួយផង ហេតុអ្វីគ្មានការទទួលខុសត្រូវ។ វាជាការខាតបង់មួយដ៏ធំដែលមន្ត្រីថ្នាក់លើមិនមានវិធានការដោះដូរ ឬកីឡាករកីឡាការិនីជម្រើសជាតិខ្លួនឯងមិនមានស្មារតីដោយមិនសុខចិត្តសុំឈប់ដូចដែល ស៊ន ដាវីន កំពុងធ្វើជាគំរូ។ ក្រុមអ្នកលេងហ្វេសប៊ុក បានសរសើរពីការទទួលខុសត្រូវរបស់បងស្រី ស៊ន សៀវម៉ី រូបនេះ និងបានចំអកដល់ជម្រើសជាតិផ្សេងទៀតដែលគ្មានការទទួលខុសត្រូវ ហើយសុខចិត្តនៅក្រាញមិនបោះបង់កៅអីឱ្យអ្នកជំនាន់ក្រោយ ដោយមានមន្ត្រីសហព័ន្ធបិទភ្នែកបិទច្រមុះ ។ ទោះជាមន្ត្រីសហព័ន្ធខំប្រឹងការពារថា ហេតុផលនៃការដាក់កីឡាករដដែលៗឱ្យចេញប្រកួត ក៏ព្រោះតែធនធានកីឡាករនៅកម្ពុជាមានកម្រិត និងមិនមានបេក្ខភាពម្នាក់ណាធ្វើបានល្អជាងហ្នឹង ក៏មហាជនភាគច្រើននៅតែចង់ឃើញពីការផ្លាស់ប្ដូរបេក្ខភាពអ្នកដែលគ្មានស្នាដៃរាល់ពេលចេញប្រកួតក្រៅប្រទេស ដើម្បីជំរុញឱ្យអ្នកតំណាងជាតិបង្កើនសមត្ថភាពខ្លួនឯង ហើយមិនប្រើថវិកាជាតិទៅប្រកួតដើម្បីយកតែបទពិសោធន៍។ វិធានការដោះដូរកីឡាករជម្រើសជាតិត្រូវគេឃើញសហព័ន្ធមួយចំនួនដែលមិនធ្លាប់ទទួលបានមេដាយឈានឡើងគួរឱ្យកត់សម្គាល់ លើកលែងតែសហព័ន្ធកីឡាណាដែលមានអ្នកក្រាញតំណែងទាំងថ្នាក់ដឹកនាំ និងទាំងសមាសភាពជម្រើសជាតិ ទើបគេឃើញទៅប្រកួតលើកណាក៏បានត្រឡប់មកវិញតែបទពិសោធន៍ ដោយមិនមានអ្វីប្រែប្រួល ។ ស្ថានភាពនេះ កំពុងធ្វើឱ្យដុះស្លែនូវមន្ត្រី និងកីឡាករអសមត្ថភាព និងបង្កឱ្យកីឡាករចំណូលថ្មីដែលមានសមត្ថភាពល្អបាក់ទឹកចិត្តមិនចង់ប្រឹងប្រែង ដោយមានអ្នកខ្លះបានទាំងបង្ហើរពាក្យថា បើខ្លាំងហើយអត់ខ្សែគឺនៅតែមិនបានតំណាងជាតិចេញទៅប្រកួតនៅក្រៅស្រុកដដែល ។ ព័ត៌មានបែកធ្លាយចេញពីសហព័ន្ធដែលពោរពេញដោយកីឡាករ និងមន្ត្រីគ្មានមេដាយពីការប្រកួតអន្តរជាតិ បានទាំងបង្ហើបថា គេមានរបៀបធ្វើតេស្ដជម្រុះយកបក្សពួកឯងដែលជាកីឡាករជម្រើសជាតិដដែលៗ ឱ្យបានចេញទៅតំណាងជាតិដោយមានលក្ខណៈស្របច្បាប់ទៀតផង ៕
ចែករំលែកព័តមាននេះ