រាជធានីភ្នំពេញ ៖ ឪពុកដឹកកូនទៅមន្ទីរពេទ្យជិះនៅខាងឆ្វេងដៃត្រូវរថយន្តកូរ៉េដឹកថ្មបើកបុកពេញទំហឹងផ្លោង២០ម៉ែត្រដួលបោកក្បាលឪពុកស្លាប់ភ្លាមៗ ចំណែកកូនប្រុសបែកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៤ សីហា តាមបណ្តោយផ្លូវលេខ២១៧ ទល់មុខសាលាបឋមសិក្សាភូមិឫស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តប្រភេទកូរ៉េដឹកកម្ទេចថ្ម ពណ៌ខៀវ មិនចាំស្លាកលេខ ១គ្រឿង មានអ្នកជិះខាងក្រោយ៤នាក់ ធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ចំណែកម៉ូតូម៉ាកស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១R-៨៥៨៧ ជិះគ្នា២នាក់ឪពុកនិងកូនប្រុស ដោយឪពុកជាអ្នកដឹកកូនយកទៅគ្លីនិកឯកជននៅតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ដោយជិះបញ្ច្រាសទិសដៅចរាចរណ៍នៅខាងឆ្វេងដៃ លុះមកដល់ចំណុចកើតហេតុរថយន្តបើកលឿនចាប់ហ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចផ្នែកខាងមុខ ជនរងគ្រោះជាឪពុកខ្ទាតជិត២០ម៉ែត្រដោយបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែកកូនប្រុសបែកក្បាលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន រីឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។
សពបុរសជាឪពុកឈ្មោះ សុខ សាន អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិរបោះចឹក ឃុំព្រៃឃ្នើស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកកូនប្រុសរងគ្រោះឈ្មោះ សាន សាទ អាយុ១៥ឆ្នាំ ធ្វើការជាមួយឪពុក ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូខូចខាតយ៉ាងដំណំ ត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិវិញ ៕
ចែករំលែកព័តមាននេះ