ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង និង​ភរិយា បន្ត​លាតត្រដាង​ពី​ជីវិត​កម្សត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ទទួល​ជំនួយ​ម៉ូតូ​មួយ​គ្រឿង និង​គ្រឿង​ឧបភោគបរិភោគ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន​បន្តិច​ក្ដី ក៏​អតីត​កីឡាករ​ប្រដាល់​ល្បីឈ្មោះ លោក អេ ភូ​ថង និង​ភរិយា

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ទទួល​ជំនួយ​ម៉ូតូ​មួយ​គ្រឿង និង​គ្រឿង​ឧបភោគបរិភោគ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ជាង​មុន​បន្តិច​ក្ដី ក៏​អតីត​កីឡាករ​ប្រដាល់​ល្បីឈ្មោះ លោក អេ ភូ​ថង និង​ភរិយា នៅ​តែ​មិន​ទាន់​រួច​ផុត​ពី​ភាព​ក្រលំបាក​នោះ​ឡើយ ។ អ្នក​ទាំង​ពីរ​ថ្លែង​ថា ការ​រស់នៅ​សម្រាប់​តែ​ប្ដី​ប្រពន្ធ​និង​កូន​មិន​ចោទ​នោះ​ទេ ប៉ុន្តែ​មក​ពី​កូនសិស្ស​ប្រមាណ​១៧​នាក់​នៅ​ក្រោម​បន្ទុក​ទើប​នៅ​មិន​ទាន់​រួចខ្លួន ។

លោក អេ ភូ​ថង ថ្លែង​ថា ការ​បង្ហាញ​ស្ថានភាព​លំបាក​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ​លោក​ទទួល​ការ​អាណិតអាសូរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ធ្លាប់​គាំទ្រ​ដោយ​មាន​ទាំង​ព្រះសង្ឃ និង​អ្នក​ស្នេហា​ប្រដាល់​ផង ។ ក្រុម​សប្បុរសជន​ទាំងនោះ​បាន​ពួតដៃគ្នា​ផ្ដល់​ជា​អង្ករ ត្រី​សាច់ និង​ថវិកា​តិចតួច ដោយ​មាន​ទាំង​អ្នក​ផ្ដល់​ម៉ូតូ​មួយ​គ្រឿង បន្ទាប់​ពី​ដឹង​ថា​លោក​ស្ទើរតែ​គ្មាន​អ្វី​ជា​បង្អែក​ក្នុង​ជីវិត​កាលពី​ពេល​ថ្មី​ៗ​នោះ​ទៀត​ផង​។ អ្វី​ដែល​បាន​ស្ដែង​ឡើង លោក​ថា មិនមែន​ជា​ឆាកល្ខោន​ដើម្បី​ស្រូប​ទាញ​ជំនួយ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ ប៉ុន្តែ​គឺជា​ខ្សែជីវិត​ដែល​មនុស្ស​ភាគច្រើន​មិន​បានដឹង​ថា នៅ​ពីក្រោយ​ការ​លាឈប់​ប្រដាល់​របស់​លោក តើ​លោក​មាន​ជីវភាព​បែប​ណា​នោះ​ឡើយ ។ ជា​រៀងរាល់ថ្ងៃ​លោក​ថា មិន​ខុស​ពី​ជីវិត​ដែល​ខ្វះមុខខ្វះក្រោយ​នោះ​ទេ ដោយសារ​តែ​កូន​៤​នាក់ ហើយ​ត្រូវ​ចិញ្ចឹម​ទំនុកបម្រុង​កូនសិស្ស​ចំនួន​១៧​នាក់​ទៀត ព្រោះតែ​ចិត្ត​មិន​ដាច់​ឲ្យ​កីឡាករ​គ្មាន​ទីពឹង​ទាំងនោះ​ធ្លាក់ខ្លួន​តែលតោល ។ ជា​រឿយ​ៗ​លោក​តែង​ដឹកនាំ​កូនសិស្ស​ចែក​ជើង​គ្នា​ធ្វើ​សំណង់​ដើម្បី​ដោះ​ទ័ល និង​បាន​បន្តជីវិត​រស់នៅ​ទីក្រុង​ភ្នំពេញ កុំ​ឲ្យ​ធ្លាក់ខ្លួន​ក្នុង​សភាព​កាន់តែ​យ៉ាប់​ជាង​នេះ​នៅ​ពេល​ទៅ​នៅ​ឆ្ងាយ​ពី​ក្រុង ។ គាប់​ជួន​ជា​លោក​នៅ​តែ​រក្សា​មហិច្ឆតា​ចង់​ដឹកនាំ​ក្លិប​ប្រដាល់ «​អេ​ភូ​ថង​កីឡា​» ឲ្យ​បាន​រស់រាន​កុំ​ឲ្យ​រលាយ​បាត់​ផង ទើប​លោក​ចេះ​តែ​ស៊ូទ្រាំ​លំបាក​គ្រប់យ៉ាង​ទម្រាំ​ឆ្លង​ផុត​មួយ​ខែ​ៗ ។

អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​និយាយ​ថា ៖ «​ការ​ពិត​បើ​តាមតែ​ខ្ញុំ​ជាមួយ​ប្រពន្ធ​កូន គឺ​អាចរ​ស់បាន ទោះ​មិនសូវ​ស្រណុក​បន្តិច​ក្ដី ប៉ុន្តែ​មក​ពី​ក្នុង​ក្លិប​ខ្ញុំ​មានកូន​អ្នកស្រុក​អ្នក​ភូមិ​សុទ្ធតែ​ជា​អ្នក​អត់​យក​មក​ផ្ញើ​ឲ្យ​ហាត់​ប្រដាល់ ហើយ​មិនដឹង​បោះចោល​គ្នា​ទៅ​ណា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​សឹងតែ​មាន​ថ្ងៃ​អត់បាយ នៅ​ពេល​មិន​ទាន់​មាន​អ្នក​ណា​ចាប់អារម្មណ៍​ថា​ខ្ញុំ​អត់ ! ខ្ញុំ​និយាយ​តាម​ត្រង់ រាល់ថ្ងៃ​ខ្ញុំ​អត់​មែនទែន គឺ​អ្នកដឹង​បានដឹង​!» ។ លោក​បាន​សម្ដែង​ការ​ដឹងគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ផ្ដល់​ការ​អាណិតអាសូរ​ដល់​លោក ហើយ​បាន​ជួយ​ជា​អង្ករ ត្រី​សាច់ បើ​ទោះជា​ជំនួយ​ទាំងនោះ​មិន​អាច​ឲ្យ​លោក​និង​កូនសិស្ស​ទាំង​១៧​នាក់​នៅ​ក្រោម​បន្ទុករស់​បាន​យូរអង្វែង​ក្ដី ។ លោក​មើលឃើញ​ពី​ជំហរ​រស់រាន​សម្រាប់​សិស្ស និង​ក្លិប​ទាំងមូល បន្ទាប់​ពី​មានការ​ជ្រោមជ្រែង​ជា​អង្ករ​ត្រី​សាច់​ដែល​ពី​មុន​មក​មិន​ដែល​នឹក​ស្មានថា នឹង​មាន​អ្នក​អាណិតអាសូរ​បែប​នេះ​ទេ ។ លោក អេ ភូ​ថង បញ្ជាក់​ថា ៖ «​ការ​ពិត​កន្លង​មក​ខ្ញុំ​លំបាក​ណាស់ គឺ​និយាយ​មិន​រួច ប៉ុន្តែ​អត់​ដែល​ហ៊ាន​ឲ្យ​គេ​បង្ហោះ​អី​ទេ គឺ​ទើបតែ​លើក​ហ្នឹង​ដែល​ខ្ញុំ​អត់​ពេក​ដាច់​ចិត្ត​ប្រាប់​គេ​តាម​ត្រង់ ថា​អ្វី​ដែល​គេ​និយាយ និង​បង្ហោះ​នោះ​គឺជា​ការ​ពិត ហើយ​ក៏​ឃើញ​ថា មាន​អ្នក​អាណិត​មែន​»​។ យ៉ាងណា​ក៏​ដោយ លោក​អះអាង​ថា នឹង​ប្រឹងរក​ផ្លូវ​ឲ្យ​សិស្ស និង​ក្លិបរ​ស់បាន​ដោយ​មិន​ពឹង​លើ​ជំនួយ​បែប​នេះ​ទៀត​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​ជួយ​ជ្រោមជ្រែង​អស់សង្ឃឹម​ពេល​លោក​នៅ​តែ​គ្មាន​ជំហាន​ថ្មី ។ លោក​បង្ហាញ​ពី​ហេតុផល​ដែល​នាំ​ឲ្យ​ខ្លួន និង​ក្លិប​រអិល​ធ្លាក់​ក្នុង​សភាព​ក្រីក្រ​ថា គឺ​បណ្ដាល​មក​ពី​កូនសិស្ស​នៅ​ក្នុង​ក្លិប​របស់​លោក មិនសូវ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ប៉ុស្ដិ៍​ទូរទស្សន៍​ភាគច្រើន ដើម្បី​ឲ្យ​បាន​ប្រដាល់​ញឹកញាប់ ខណៈ​ដែល​លោក​ចាប់តាំងពី​បាន​សម្រេចចិត្ត​បើក​ក្លិប​បង្វឹក​ហើយ ក៏​សុខចិត្ត​ស៊ូទ្រាំ​ប្រមូល​ថវិកា​ពី​គ្រប់​ទិស​ទី​ដែល​ខ្លួន​រកបាន​មក​ចិញ្ចឹម​កីឡាករ​ទាំងនោះ អស់​ប្រមាណ​ច្រើន​ឆ្នាំ​មក​ហើយ ។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​លោក អេ ភូ​ថង បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ថា ក្រោយ​ការ​លាឈប់​ប្រដាល់ ស្វាមី​អ្នកស្រី​មិន​អាច​រក​ចំណូល​អ្វី​បាន​ក្រៅពី​ទៅ​បង្ហាត់​សិស្ស​នៅ​ក្នុង​ក្លិប​ផ្សេង និង​ជួយ​ធ្វើការ​ឲ្យ​គេ​តិចតួច​នោះ​ទេ ។ ក្នុង​នោះ​សកម្មភាព​ថតកុន​ក៏​ជា​ប្រភព​ចំណូល​តិចតួច​ដើម្បី​ប្រើ​សម្រាប់​ផ្គត់ផ្គង់​ផង​ដែរ ខណៈ​ដែល​អ្នកស្រី​ក៏​បាន​ចំណូល​ពី​ការងារ​ធ្វើ​ជា​គណៈកម្មការ​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន គឺ​យក​មក​ទប់​ចំណាយ​នៅ​ក្នុង​ក្លិប​«​អេ​ភូ​ថង​កីឡា​» ទាំងអស់ ។ អ្នកស្រី​ថ្លែង​ថា ស្វាមី​ចូល​ចិត្ត​អាណិត​សិស្ស និង​ទទួល​សិស្ស​ក្រីក្រ​មក​នៅ​ក្រោម​បន្ទុក​ណាស់ ទើប​ចំនួន​អ្នក​អត់​ដែល​ចូល​មក​រស់នៅ​ក្នុង​ក្លិប​កើន​ដល់​១៧​នាក់ ដែល​ធ្វើ​ឲ្យ​អ្នកស្រី និង​ស្វាមី​ត្រូវ​បង្កើន​ការ​ប្រឹងប្រែង​ដើម្បី​បាន​អង្ករ​គ្រប់​មួយ​ពេល​ៗ ។ អ្នកស្រី​និយាយ​ដោយ​ត្រង់​ថា ៖ «​អ្នក​ទាំងអស់​គ្នា​មិនដឹង​ទេ កាលពី​មួយ​រយៈ​មុន ដោយសារ​តែ​ពួក​ខ្ញុំ​អត់​មែនទែន ស្វាមី​ខ្ញុំ និង​សិស្ស​គាត់​ធ្លាក់ខ្លួន​ធ្វើ​សំណង់​តែ​ម្ដង​ដើម្បី​កុំ​ឲ្យ​ក្លិប​ប្រដាល់​ហ្នឹង​រំសាយ​ចោល ម្យ៉ាង​សិស្ស​ទាំងអស់​គ្នា​ហ្នឹង​ចង់​ប្រដាល់​ព្រោះ​សុទ្ធតែ​ជា​អ្នក​អត់ អ​ញ្ចឹ​ង​មាន​តែ​ទ្រាំ​ចិញ្ចឹម​ទៅ​មាន​តិច​ហូប​តិច​មាន​ច្រើន​ហូប​ច្រើន​អ​ញ្ចឹ​ង​ទៅ​» ។ នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន អ្នកស្រី​ប្រាប់​ថា សូ​ម្បី​តែ​ទូ​ដែល​បាន​ទិញ​ប្រើ​ក្នុង​ពេល​រក​លុយ​បាន ក៏​ត្រូវ​ដាក់​លក់​ឡាយឡុង​ដើម្បី​យក​លុយ​ទិញ​អង្ករ​ឲ្យ​សិស្ស និង​កូន​ៗ​បាន​ហូប​ជា​រៀងរាល់ថ្ងៃ​នោះ​ដែរ​ក្នុង​ពេល​ដែល​តម្រូវការ​គឺ​មាន​រាល់ថ្ងៃ ប៉ុន្តែ​ចំណូល​ដែល​បាន​ពី​ការ​ចិញ្ចឹម​សិស្ស គឺ​មិន​មាន​សោះ​ភាគច្រើន​។

មន្ត្រី​គណៈកម្មការ​ប្រដាល់​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​រូប​នេះ​ថ្លែង​ថា ៖ «​កាល​បើក​ក្លិប​ហ្នឹង​ដំបូង ខ្ញុំ​និង​ប្ដី​មិនសូវ​ចោទ​ទេ ទោះ​គេ​មិនសូវ​ចាប់​គូ​កូនសិស្ស​ឲ្យ​ប្រកួត​ញឹក​ក៏​ដោយ​។ ប៉ុន្តែ​ក្រោយ​ពេល​ពួក​ខ្ញុំ​ធ្លាក់ខ្លួន គឺ​ស្អី​ក្នុងផ្ទះ​ក៏​លក់​ដែរ ព្រោះ​អង្ករ​២៥​គីឡូក្រាម​ដាំ​បាន​តែ​៣​ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ អ​ញ្ចឹ​ង​ហើយ​ទើប​ពួក​ខ្ញុំ​មិន​ដែល​បាន​ហូប​អង្ករ​ល្អ​ទេ គឺ​ទិញ​តែ​អង្ករ​ទាហាន​មក​ហូប ដើម្បី​ទប់​រួច​!»​។ អ្នកស្រី​ថ្លែង​ថា សម្រាប់​ការ​ឡើង​ប្រដាល់​មួយ​លើក​របស់​កូនសិស្ស​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ប៉ុស្ដិ៍​ទូរទស្សន៍​១៥​ម៉ឺន​រៀល និង​ត្រូវ​បាន​សិស្ស​ផ្ដល់​ឲ្យ​តាម​ទឹកចិត្ត ប៉ុន្តែ​ជាក់ស្ដែង​មក​ពី​ការ​ផ្គូផ្គង​មិន​មានការ​ជ្រោមជ្រែង​ទើប​ធ្វើ​ឲ្យ​ក្លិប​ត្រូវ​ដាច់​ពោះ​ក្នុង​រយៈពេល​ចុង​ក្រោយ ។ ក្នុង​មួយ
ស​ប្ដា​ហ៍​​ពេល​ខ្លះ​មិន​មានការ​ផ្គូផ្គង​ឲ្យ​ប្រកួត​ម្នាក់​ផង បើ​ទោះជា​អ្នកស្រី និង​ស្វាមី​ទទូច​សុំ​ឲ្យ​ជួយ​ដាក់​សិស្ស​ប្រកួត​តាម​ប៉ុស្ដិ៍​ក្ដី ។

ប្រភព​ក្រៅផ្លូវការ​បញ្ជាក់​ថា កីឡាករ​នៅ​ក្នុង​ក្លិប «​អេ​ភូ​ថង​កីឡា​» ភាគច្រើន​មិនសូវ​ជា​អន់​ប៉ុន្មាន​ទេ ប៉ុន្តែ​មក​ពី​ការ​ផ្គូផ្គង​តាម​ប៉ុស្ដិ៍​គេ​ត្រូវការ​ខ្សែ​ច្រើន​ជាង​ទើប​ពិបាក​មានមុខ ។ ក្នុង​នោះ​មានការ​អះអាង​ថា ដើម្បី​បាន​ទទួល​ការ​ផ្គូផ្គង​គឺ​ត្រូវ​សូកប៉ាន់​អ្នក​ផ្គូផ្គង​បណ្ដាល​ឲ្យ​ក្លិប និង​កីឡាករ​ដែល​គ្មាន​បង្អែក​ស្ទើរតែ​គ្មាន​ទីផ្សារ​តែ​ម្ដង​។ យ៉ាងណា​ក៏​ដោយ​អ្នកស្រី សាំង សុ​ម៉ា​លី ប្រាប់​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង​អ្នកស្រី​មិន​ធ្លាប់​ជួប​ប្រទះ​នោះ​ទេ ប៉ុន្តែ​មក​ពី​កីឡាករ​នៅ​ក្នុង​ក្លិប​ផ្សេង​មាន​ចំនួន​ច្រើន​ពេក ទើប​ទម្រាំ​ដល់​ជុំ​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ក្លិប​អេ​ភូ​ថង​កីឡា​ឡើង​វាយ​គឺ​មាន​រយៈពេល​យូរ​បែប​នេះ ៕