រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុដោយសាររថយន្តកុងតឺន័រមានសណ្តោងរ៉ឺម៉កបានកិនចំក្បាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ កក្កដា ២០១៥ នៅចំណុចខាងកើតរបងវិទ្យាល័យជម្ពូរវ័ន្ត ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នាង ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកឯរថយន្តកុងតឺន័រនោះក្រោយពេលកើតហេតុភ្លាមៗមិនបានឈប់ដោះស្រាយគ្នាទេ បែរជាបើកគេចខ្លួន តែសំណាងល្អត្រូវបានអ្នកឃើញហេតុការណ៍នេះដេញតាម និងស្ទាក់ចាប់បាននៅផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ។
ប្រភពបានឱ្យទៀតថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១១០ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ឃ១០៧០-កច១ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងទៀតឌុបគ្នាមានស្រីមានប្រុស ជិះមកទាក់ដៃចង្កូតគ្នាបណ្តាលឱ្យដួលទាំង២គ្រឿង ។ ប្រភពបន្តទៀតថា ពេលដួលជនរងគ្រោះម្នាក់បានផ្លោងចូលទៅក្រោមរថយន្តកុងតឺន័រដឹកស៊ីម៉ង់ត៍មានសណ្តោងរ៉ឺម៉ក១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-៣៤៤១ បណ្តាលឱ្យកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សពជនរងគ្រោះត្រូវបានបញ្ជូនទៅតម្កល់នៅវត្តពោធិ៍ចិនតុងរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ