រាជធានីភ្នំពេញ ៖ រថយន្តដឹកផ្លែឈើ១គ្រឿង បានបើកបុកម៉ូតូគុប១គ្រឿងជិះគ្នា២នាក់ បណ្ដាលឱ្យដួលខ្ទាតស្ត្រីជាប្រពន្ធចូលក្រោមកង់រថយន្តកិនបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង០៨ និង១០នាទីព្រឹកថ្ងៃទី២៥ កក្កដា ២០១៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះយឹម អូន អាយុ៤៤ឆ្នាំ ជាអ្នកលក់ដូរនៅមុខរោងចក្រម្ដុំភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តលណ្ដាល មានស្រុកកំណើតនៅក្នុងភូមិតាអូរយំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ មានប្ដីឈ្មោះយឹម អឿន អាយុ៤៤
ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកគុបមូល ពណ៌ស្លែរ អត់ស្លាកលេខ ។ ចំណែករថយន្តបង្កម៉ាកគា ពណ៌ខៀវលាយបៃតង អត់ស្លាកលេខ បើកបរដោយយុវជនម្នាក់ឈ្មោះពៅ ថាវី អាយុ២៣ឆ្នាំ ស្នាក់ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តលំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ ប្ដី-ប្រពន្ធជនរងគ្រោះបានជិះម៉ូតូឌុបគ្នាចេញពីកន្លែងលក់ដូរ ឆ្ពោះទៅផ្សារអូរឡាំពិក ដើម្បីរកទិញខោអាវយកទៅលក់ ដោយបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្ក ដែលបើកបរក្នុងទិសដៅស្របគ្នាបានទៅបុកពីក្រោយទាំងកំរោល បណ្ដាលឱ្យដួលម៉ូតូខ្ទាតស្ត្រីជាប្រពន្ធចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ក្រោយពេលកើតហេតុ រថយន្តបង្ករួមជាមួយអ្នកបើកបរត្រូវបានសមត្ថកិច្ចប៉ូលិសខណ្ឌពោធិ៍សែនជ័យឃាត់បាន និងនាំយកទរក្សាទុករង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ