ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៥នាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៣ កក្កដា ២០១៥ នៅលើ
កំណាត់ផ្លូវជាតិលេខ៥ នៅចំណុចមុខវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈជនរងគ្រោះទាំង៥នាក់ ជិះម៉ូតូមួយគ្រឿងទៅទាក់ដៃចង្កួតកង់ពីក្រោយ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ដែលជាឪពុកម្តាយនិងកូន ក្នុងនោះ បុរសជាឪពុកឈ្មោះ សេង សៀ អាយុ៥០ឆ្នាំ និងស្ត្រីជាម្តាយ ឈ្មោះ ឡង់ សុអឿន អាយុ៤៣ឆ្នាំ រីឯកូនស្រីបងឈ្មោះ សេង គឹមលៀង អាយុ១៦ឆ្នាំ ប្អូនស្រីឈ្មោះ សេង គឹមអេង អាយុ៧ឆ្នាំ ទាំង៤នាក់ រងរបួសស្រាល ចំណែកកូនប្រុស ឈ្មោះ សេង គឹមសាន អាយុ១០ឆ្នាំ រងរបួសធ្ងន់ គ្រួសារខាងលើនេះ មានទីលំនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៥នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌សលាយក្រហម គ្មានស្លាកលេខ ក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅទាក់ដៃចង្កូតកង់សិស្សម្នាក់ពីក្រោយធ្វើឱ្យដួលបាក់កម៉ូតូបោកមនុស្សទៅនឹងថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់និងស្រាល ចំណែកសិស្សសាលាដែលជិះកង់វិញ មិនរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ អ្នករងគ្រោះមួយគ្រួសារខាងលើ ត្រូវបានលោក មុយ អ៊ីម មន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង យករថយន្តស៊ីរ៉ែនរបស់នគរបាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
ដោយឡែក មធ្យោបាយធ្វើដំណើរទាំង២ ត្រូវបាននគរបាលដឹកយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ