ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែង និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តកាមរី ពណ៌ត្រេអីុ យោធា បុកជាមួយនឹងម៉ូតូ ។ នគរបាលចរាចរណ៍ស្រុកស្នួលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅរសៀលថ្ងៃទី២០ កក្កដា នៅលើផ្លូវជាតិលេខ៧៦ ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
រថយន្តបង្កជាប្រភេទរថយន្តកាមរី ពណ៌ត្រេអីុ ជាកម្មសិទ្ឋិរបស់មន្ត្រីយោធាម្នាក់ឈ្មោះ ឆឹត ភារម្យ មានឋានៈវរសេនីយ៍ទោ បម្រើការងារជាយោធាឌឺបេ អគ្គបញ្ជាការកងទ័ពជើងគោក ដែលបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
ស្ត្រីរងគ្រោះដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុត្រូវបាននគរបាលប្រាប់ឱ្យដឹងថា ឈ្មោះ សោម ឯម អាយុ៣១ឆ្នាំ ជាអ្នកបើកបរម៉ូតូ និង២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ និងស្រាល ។ ជនរងគ្រោះទាំង៣មានទីលំនៅឃុំឃ្សឹម ស្រុកស្នួល ។
បន្ទាប់ពីមានការចុះវាស់វែងដល់កន្លែងកើតហេតុ នគរបាលបានកំណត់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះដោយសារតែរថយន្តយោធា១គ្រឿងនេះបានបើកវ៉ា ហើយជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់ចំពីមុខបណ្តាលឲ្យផ្លោងខ្ទាត ចំណែកឯរថយន្តរេចចង្កូតធ្លាក់ស្នាមភ្លោះទៅមុខលែងរួច ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត១គ្រឿងនេះជារថយន្តប្រដេញរបស់មន្ត្រីយោធារូបនេះ សម្រាប់កាក់ទារលុយពីការដឹកជញ្ជូនដោយខុសច្បាប់ផ្សេងៗ ។
អធិការរងទទួលបន្ទុកចរាចរណ៍ស្រុកស្នួល លោកវរសេនីយ៍ត្រី កែ វិណូ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុអ្នកបើករថយន្តបានគេចខ្លួនបាត់ ចំណែករថយន្ត១គ្រឿងនេះត្រូវ បាននគរបាលនាំមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន រង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ