រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូធំម៉ាក CBR មួយគ្រឿង ដែលបើកបរក្នុងល្បឿនយ៉ាងលឿន ដោយអ្នកបើកខ្វះការប្រុងប្រយ័ត្ន ក៏បានទៅបុកនឹងម៉ូតូម៉ាក nex មួយគ្រឿង ដែលកំពុងតែបើកបត់ខាងមុខ ក្នុងទិសដៅបញ្ចាសទិសគ្នា ចំពាក់កណ្តាលពេញទំហឹង បណ្តាលអោយបាក់តួរជាពីរ និងបណ្តាលអោយយុវសិស្សម្នាក់រងរបួសធ្ងន់ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅខាងមុខអាហារដ្ឋានទួលទំពូង ផ្ទះលេខ៦៣ ផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា យុវសិស្សរងគ្រោះមានឈ្មោះ តាន់ វឌ្ឍនៈ អាយុ១៦ឆ្នាំ បានរងរបួសធ្ងន់ នៅពេលដែលកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាក nex ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ ១CT-៣១៧៥ តែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ក៏បើកបត់ឆ្វេង ។ ពេលដែលបើកម៉ូតូបត់បានបន្តិចក៏ស្រាប់តែមានម៉ូតូធន់ធំម៉ាក CBR ពណ៌ស គ្មានស្លាកលេខមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ឈ្មោះ ឡុង មករា អាយុ១៩ឆ្នាំ ក្នុងទិសដៅ បញ្ចាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន មកបុកចំពាក់កណ្តាលម៉ូតូ បណ្តាលអោយដួល និងបាក់តួជាពីរកំណាត់តែម្តង ហើយយុវសិស្សជិះម៉ូតូម៉ាក nex បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរព្យាបាលភ្លាមៗ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញក៏បានចុះមកធ្វើការវាស់វែងរួចហើយ ធ្វើការបញ្ជូនម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ