ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង​យ៉ុង​ដឹក​ផ្លែ​ចេក​ពី​វៀត​ណាម​ផ្ទុះ​កង់​ក្រោយ​រេ​ចង្កូត​បុក​ផ្ទះ​អ្នក​ភូមិ​

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ រថ​យន្ត​​ម៉ាក​សាំង​យ៉ុង​ពណ៌​ស​មួយ​គ្រឿង​ដឹក​ផ្លែចេក​ពី​ប្រទេស​វៀត​ណាម​បាន​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាង​ស្តាំ​ ហើយ​រេ​ចង្កូត​​ទៅ​បុក​ផ្ទះ​អ្នក​ភូមិ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​សំយាប​ខាង​មុខ​

ខេត្ត​កំពត​ ៖ រថ​យន្ត​​ម៉ាក​សាំង​យ៉ុង​ពណ៌​ស​មួយ​គ្រឿង​ដឹក​ផ្លែចេក​ពី​ប្រទេស​វៀត​ណាម​បាន​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាង​ស្តាំ​ ហើយ​រេ​ចង្កូត​​ទៅ​បុក​ផ្ទះ​អ្នក​ភូមិ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​សំយាប​ខាង​មុខ​ តែ​មិន​បណ្តាល​ឱ្យ​​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១ កក្កដា ២០១៥ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ត្រង់​ចំណុច​ភូមិ​ត្រពាំង​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយ​មាស​។

ក្រោយ​កើត​ហេតុ​ នគរ​បាល​ចរាចរណ៍​ស្រុក​បន្ទាយ​មាស​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​ថា រថយន្ត​ដឹក​ចេក​ចេញ​ពី​ប្រទេស​វៀត​ណាម​នោះ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ តែ​ពេល​មក​ដល់​ចំណុច​ភូមិ​ត្រពាំង​មន្ត្រី រថយន្ត​ក៏​ផ្ទុះ​កង់​ក្រោយ​ធ្វើ​ឱ្យ​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​អ្នក​ភូមិដែល​មាន​ម្ចាស់​ផ្ទះ​ឈ្មោះ​ឃុន ប៊ូ​ណា ហៅ​គោ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។

នគរ​បាល​បាន​និយាយ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​បង្ក​ឱ្យ​មនុស្ស​គ្រោះ​ថ្នាក់​ទេ ព្រោះ​រថយន្ត​បាន​បុក​ចូល​ត្រឹម​តែ​សំយាប​ផ្ទះ​ខាង​មុខ ចំណែក​ម្ចាស់​ផ្ទះ​ដេក​នៅ​ខាង​ក្រោយ​។ នគ​របាល​បន្ត​ថា អ្នក​បើក​បរ​រថយន្ត​បង្ក​ឈ្មោះ​ហេង ម៉េង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្វាយ​ប្រទាល ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល​ បាន​អង្វរ​ទៅ​ម្ចាស់​ផ្ទះ​ដោយ​សុំ​ជួយ​សង​សំណង​​ខូច​ខាត​ផ្ទះ​ចំនួន​៤០០​ដុល្លារ​ តែ​ម្ចាស់​ផ្ទះ​ទារ​៦០០​ដុល្លារ​ ត្រូវ​បាន​លោក​អធិការ​រង​សម្រួល​គ្នាត្រឹម​៤០០​ដុល្លារ​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ​៕