ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​វរៈ​១​ខេត្តមណ្ឌលគិរី​និង​យោធា​វរៈ​២០៤​ខេត្តក្រចេះ​ប៉ះទង្គិច​គ្នា​រឿង​ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​១​គ្រឿងនិង​​ជនជាតិ​វៀតណាម​៤​នាក់

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​យោធា​វរៈ​១​ខេត្តមណ្ឌលគិរី និង​យោធា​វរៈ​២០៤​ខេត្តក្រចេះ កាលពី​វេលា​ម៉ោង​៩ និង​១៩​នាទី​យប់ ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​១​របស់​ឧកញ៉ា​ម្នាក់​

ខេត្តមណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​យោធា​វរៈ​១​ខេត្តមណ្ឌលគិរី និង​យោធា​វរៈ​២០៤​ខេត្តក្រចេះ កាលពី​វេលា​ម៉ោង​៩ និង​១៩​នាទី​យប់ ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​១​របស់​ឧកញ៉ា​ម្នាក់​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជាប់​ព្រំប្រទល់​ស្រុក​ស្នួល ខេត្តក្រចេះ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​យោធា​ទាំង​២​ក្រុម​នេះ​កើតឡើង​ដោយសារ​ក្រុម​យោធា​វរៈ​១​ខេត្តមណ្ឌលគិរី​បាន​ចាប់​ឡាន​ដឹកឈើ​១​គ្រឿង រួម​ជាមួយ​ជនជាតិ​វៀតណាម​៤​នាក់​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​១ ហើយ​ក៏​ត្រូវ​បាន​យោធា​កងអនុសេនាធំ​លេខ​៣ ចំណុះ​ឱ្យ​យោធា​វរៈ​២០៤​ខេត្តក្រចេះ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​មក​ភ្ជង់​រំដោះ​ទាំង​ឡាន​ដឹកឈើ ទាំង​ជនជាតិ​វៀតណាម​៤​នាក់​យក​ទៅ​បាត់ ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ​គឺជា​ករណី​ជួញដូរ​ឈើ​ខុសច្បាប់ ដែល​មាន​មេ​ឈ្មួញ​ធំ​ៗ​នៅ​តំបន់​កា​បី ស្ថិត​ក្នុងភូមិ​ក្រ​ញូ​ង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ បាន​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​ពី​ចំណុច​ក្រុម​ប៊ិ​ញ​ភ្វឿ​ក​១ ក្នុងស្រុក​កែវ​សីមា ចេញ​តាម​ច្រក​ផ្លូវ TTV ឆ្ពោះទៅ​ព្រំដែន​វៀតណាម ដើម្បី​លក់​ចេញ​ឲ្យ​ថៅកែ​ធំ ។

«​កោះសន្តិភាព​»​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ពី​លោក​អនុសេនីយ៍ឯក​ហ៊ួ​ត ប៊ុ​ន​គី​ម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ចំណុច​ឱ្យ​យោធា​វរៈ​២០៤​ខេត្តក្រចេះ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​ពេល​ក្រោយ ៕